(វៀងចន្ទន៍)៖ ប្រទេសឡាវនៅថ្ងៃសុក្រនេះ បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ០២នាក់ទៀត ដែលធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសអាស៊ានមួយនេះកើនដល់ ២២ករណី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវ លោក ភូថុន មឿងប៉ាក់ (Phouthone Meaungpak) បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរដ្ឋធានីវៀងច័ន្ទនាថ្ងៃសុក្រនេះថា ករណីថ្មីៗនេះគឺជាជនជាតិឡាវ ដែលបានវិលត្រឡប់មកពីបរទេស កាលពីថ្ងៃទី១២ ខែសីហាកន្លងទៅ។ ករណីផ្ទុក COVID-19 ទាំងពីរខាងលើនេះ គឺជាបុរសម្នាក់អាយុ ៣០ឆ្នាំ និងស្ត្រីម្នាក់អាយុ ២៥ឆ្នាំ ដែលបានធ្វើតេស្តវិជ្ជមាននៅមណ្ឌលធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាព (Mittaphab) ទីក្រុងវៀងច័ន្ទ។
គួរបញ្ជាក់ថា ប្រទេសឡាវបានកត់ត្រាករណីឆ្លង COVID-19 ដំបូងកាលពីថ្ងៃទី២៤ ខែមីនា ហើយរហូតមកទល់ពេលនេះ មនុស្ស ១៩នាក់បានជាសះស្បើយឡើងវិញ និងមិនទាន់មានមនុស្សណាម្នាក់ ស្លាប់ដោយសារវីរុសនេះនៅឡើយទេ។ ការរកឃើញករណីឆ្លងថ្មីៗ ០២នាក់បន្ថែមទៀតនេះ គឺក្រោយពីឡាវបានស្ងប់ស្ងាត់មិនមានករណីឆ្លង COVID-19 អស់រយៈពេលជាង ១២០ថ្ងៃមកហើយ៕