(ម៉ូស្គូ)៖ មានសេចក្តីរាយការណ៍ថា ប្រេងឥន្ធនៈអ៉ីរ៉ង់ដែលស្ថិតនៅក្រោមគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេរឹបអូសហើយ និងផ្ទេរទៅកាន់នាវាបួនគ្រឿងផ្សេងទៀត ដើម្បីដឹកជញ្ជូនបន្តទៅកាន់សហរដ្ឋអាមេរិក តែអ៉ីរ៉ង់បានចេញមុខទាត់ចោលព័ត៌មាននេះភ្លាមៗ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២០។
Sputnik ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើទីភ្នាក់ងារព័ត៌មាន Reuters ដែលបានចុះផ្សាយពីព័ត៌មានខាងលើ ក្រោយទទួលបានប្រភពពីមន្ត្រីអាមេរិក ម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ចៅក្រមអាមេរិក បានចេញដីការឹបអូសប្រេងឥន្ធនៈ នៅលើកប៉ាល់ដឹងប្រេងបួនគ្រឿងរបស់អ៉ីរ៉ង់ កាលពីខែកក្កដាកន្លងទៅ ដែលដឹកប្រេងទៅកាន់វេណេស៊ុយអេឡា ក្រោយទទួលបានពាក្យបណ្ដឹងពីរដ្ឋអាជ្ញាអាមេរិក ហើយដីកានេះទៀតសោត ផ្ដោតតែទៅលើប្រេងឥន្ធនៈតែមួយគត់ មិនមែនកប៉ាល់ ឬនាវានោះទេ។
ចំណែកឯម្ចាស់នាវាទាំងបួនខាងលើ បានទទួលស្គាល់ពីការផ្ទេរប្រេងរបស់អ៉ីរ៉ង់ ប៉ុន្តែអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំទីក្រុងការ៉ាកាស់បានអះអាងថា កប៉ាល់ដឹកប្រេងអ៉ីរ៉ង់ទៅកាន់ប្រទេសវេណេស៊ុយអេឡាកាលពីពេលថ្មីៗនេះ មិនត្រូវបានសហរដ្ឋអាមេរិករឹបអូស ដូចការចុះផ្សាយរបស់សារព័ត៌មានលោកខាងលិចឡើយ៕