(វ៉ាស៊ីនតោន)៖ នៅទីបំផុតកោះតៃវ៉ាន់បានសម្រេចជាផ្លូវការហើយ ទៅលើកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-16 ពីក្រុមហ៊ុនអាមេរិក ឡុកឃីដម៉ាទីន (Lockheed Martin) ដោយវានឹងក្លាយជាការដុតកំហឹងបន្ថែមទៀត ទៅដល់ទីក្រុងប៉េកាំង ដែលកន្លងមកបានព្រមានទាំងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិកមិនឲ្យមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នានោះឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០។
កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានបញ្ចេញដោយមន្ទីរបញ្ចកោណអាមេរិក ប៉ុន្តែអាមេរិកមិនបានបញ្ជាក់ថា តើខ្លួនបានលក់យន្តហោះឲ្យនរណាឡើយ។ ប៉ុន្តែបើតាមទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់ប្រភពដ៏គួរឲ្យជឿទុកចិត្តបាននោះ គឺតៃវ៉ាន់បានសម្រេចកិច្ចព្រមព្រៀងជាផ្លូវការហើយ ជាមួយសហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។
គួរបញ្ជាក់ថា កោះតៃវ៉ាន់មានក្បួនយន្តហោះចម្បាំង F-16s មួយរួចមកហើយ ដោយខ្លួនបានទិញពីសហរដ្ឋអាមេរិកកាលពីឆ្នាំ១៩៩២។ ដោយឡែកការបញ្ជាទិញបន្ថែមទៀតនេះ គឺមានចំនួនសរុប ៦៦គ្រឿង ជាប្រភេទយន្តហោះ F-16 upgrade ទៅកាន់ F-16។ ការបញ្ជាទិញជាផ្លូវការនេះ គឺស្ថិតនៅក្នុងកញ្ចប់កិច្ចព្រមព្រៀងរយៈពេល ១០ឆ្នាំរវាងកោះតៃវ៉ាន់ និងអាមេរិកដែលមានតម្លៃ ៦២ពាន់លានដុល្លារ៕