(វ៉ាស៊ីនតោន)៖ ការធ្វើផ្សាភ្ជាប់ ឬការធ្វើឱ្យទំនាក់ទំនងរវាងអ៉ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម ត្រឡប់ទៅរកភាពប្រក្រតី អាចនឹងត្រួសត្រាយផ្លូវឱ្យសហរដ្ឋអាមេរិក បង្កើនការលក់អាវុធដល់ប្រទេសអារ៉ាប់ ក្នុងតំបន់ឈូងសមុទ្រមួយនេះ។ នេះបើតាមអ្នកជំនាញដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រទេសអ៉ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួមបានប្រកាថា ពួកគេនឹងធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ ត្រឡប់ទៅរកភាពប្រក្រតីវិញ ហើយនិងបង្កើតទំនាក់ទំនងថ្មីមួយ នៅក្រោមកិច្ចព្រមព្រៀងដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាអ្នកជួយជ្រោមជ្រែង។ តាមរយៈកិច្ចព្រមព្រៀងនេះ អេមីរ៉ាត់អារ៉ាប់រួម នឹងក្លាយជាប្រទេសអារ៉ាប់ ក្នុងតំបន់ឈូងសមុទ្រដំបូងគេបំផុត និងជាប្រទេសអារ៉ាប់ទី ៣ បន្ទាប់ពីអេហ្ស៊ីប និងហ្ស៊កដានី ដែលទទួលស្គាល់អ៉ីស្រាអែលជាប្រទេស និងមានទំនាក់ទំនងការទូត ជាមួយរដ្ឋជី្វបមួយនេះ។
ប៉ុន្តែអ្នកជំនាញនយោបាយអន្តរជាតិដូចជាលោក ដេវីដ ម៉ាខូចស្កាយ (David Makovsky) ជានាយកគម្រោងស្ដីពីទំនាក់ទំនងអារ៉ាប់ និងអ៉ីស្រាអែល មកពីវិទ្យាស្ថានសម្រាប់គោលនយោបាយមជ្ឈិមបូព៌ា បាននិយាយថា សហរដ្ឋអាមេរិកបានលក់ ឬប្រគល់អាវុធទំនើបៗឱ្យអ៉ីស្រាអែលច្រើនជាងរដ្ឋអារ៉ាប់ ដ្បិតខ្លាចពួកគេប្រើប្រាស់អាវុធទំនើបរបស់ខ្លួន ប្រឆាំងនឹងអ៉ីស្រាអែល។ ជាទាហរណ៍ជាក់ស្ដែង ខណៈអ៉ីស្រាអែលកំពុងប្រើប្រាស់ យន្ដហោះចម្បាំងបំបាំងកាយអាមេរិក F-35 អេមីរ៉ាតអារ៉ាប់រួមវិញមិនមានសិទ្ធិ ទិញវាយកមកប្រើដែរនោះទេ។
ដូច្នេះបើតាមលោក David Makovsky កិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម នឹងបើកផ្លូវឱ្យសហរដ្ឋអាមេរិកបង្កើនការលក់អាវុធ ក្នុងនោះរួមទាំង យន្ដហោះចម្បាំង F-35 ឱ្យអេមីរ៉ាតអារ៉ាប់រួម ពីព្រោះ ចាប់ពីពេលនេះតទៅអេមីរ៉ាតអារ៉ាប់រួម និងអ៉ីស្រាអែល នឹងក្លាយជាមិត្តនឹងគ្នា ហើយក៏ជាមិត្តពិតប្រាកដមួយ របស់សហរដ្ឋអាមេរិកផងដែរ៕