(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានបញ្ជូនសារគោរពវិញ្ញាណក្ខន្ធ ដល់វីរៈជប៉ុនដែលពលីជីវិតកំឡុងសម័យសង្រ្គាម ទៅកាន់ទីសក្ការៈ យ៉ាស៊ូគូនី (Yasukuni) នៅព្រឹកថ្ងៃសៅរ៍នេះដែលចំខួបឆ្នាំទី ៧៥ នៃការចុះចាញ់របស់ជប៉ុននៅក្នុង សង្រ្គាមលោកលើកទី ២។ ប៉ុន្តែផ្ទុយពីសព្វដង លោក អាបេ មិនបានចូលរួមគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់នោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០។
លោក អាបេ មិនបានធ្វើដំណើរដោយផ្ទាល់ទៅកាន់ទីសក្ការៈ Yasukuni នោះទេ ដោយលោកត្រឹមបញ្ជូនមនុស្សជំនិតម្នាក់ឱ្យទៅជំនួស ហើយនេះគឺជាលើកដំបូងបំផុត គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣ ដែលលោកនាយករដ្ឋមន្ត្រី អាបេ មិនបានបង្ហាញខ្លួនដោយផ្ទាល់ ហើយការប្រការនេះ គឺជាទំនងជាបញ្ហាបង្កឡើងដោយជំងឺ COVID-19។
នៅក្នុងនាមជាតំណាងលោក អាបេ លោក ស៊ូអ៉ីឈិ តាកាតូរិ (Shuichi Takatori) ជាសមាជិកសភាម្នាក់មកពីបក្សកាន់អំណាចជប៉ុន បានលើកឡើងដូច្នេះថា «ខ្ញុំមកកាន់ទីសក្ការៈ Yasukuni ដើម្បីថ្លែងសារមួយរបស់លោក អាបេ ដែលបានសម្ដែងការ គោរពចេញពីបេះដូងរបស់លោក ចំពោះអ្នកស្លាប់ក្នុងសង្រ្គាម និងបន់ស្រន់ឱ្យពួកគេទទួលទៅកាន់សុគតិភព»។
គួរជម្រាបថា ការបំពេញទស្សនកិច្ច ឬការសម្ដែងការគោរពនៅទីសក្ការៈ Yasukuni ពីតំណាងមេដឹកនាំជប៉ុន តែងតែងធ្វើឱ្យចិន និងកូរ៉េខាងត្បូង ផ្ទុះកំហឹងយ៉ាងខ្លាំង ដ្បិតប្រទេសទាំងពីរនេះចាត់ទុកថា ទីសក្ការៈមួយនេះតម្កល់ទុកធាតុមេទ័ពជប៉ុន ១៤នាក់ ត្រូវបានសម្ព័ន្ធលោកខាងលិច ដែលបានឈ្នះសង្រ្គាមលោកលើកទី ២ ចាត់ទុកជាក្រុមឧក្រិដ្ឋ៕