(ញូដេលី)៖ ប្រទេសឥណ្ឌាដែលកំពុងរងគ្រោះធ្ងន់ធ្ងរបំផុត ដោយសារតែជំងឺ COVID-19 នោះ ក៏ជាប្រទេសដែលមានភាពលេចធ្លោមួយផងដែរ ក្នុងការខ្នះខ្នែងអភិវឌ្ឍវ៉ាក់សាំង ប្រឆាំងវីរុសដែលបង្កជំងឺនេះឡើង។ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅថ្ងៃសៅរ៍នេះបានប្រកាសថា វ៉ាក់សាំង COVID-19 ចំនួន ០៣ប្រភេទ កំពុងស្ថិតនៅក្នុងការសាកល្បង នៅក្នុងតំណាក់កាលប្លែកៗពីគ្នា។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០។
នៅក្នុងឱកាសនៃការប្រារព្ធទិវាជាតិដ៏សំខាន់មួយ លោក ម៉ូឌី បានលើកឡើងថា «ផែនទីចង្អុលផ្លូវរបស់យើង គឺការនាំយកវ៉ាក់សាំងប្រឆាំង COVID-19 ទៅជូនដល់ដៃប្រជាជនឥណ្ឌាគ្រប់គ្នា នៅក្នុងពេលឆាប់បំផុតតាមដែលទៅរួច»។ នាយករដ្ឋមន្ត្រីដែលកំពុងកាន់តំណែង នៅក្នុងអាណត្តិទី ២ រូបនេះបានអះអាងទៀតថា ប្រទេសឥណ្ឌាដែលមានម្ចាស់ការលើខ្លួនឯង គឺត្រូវការពេលតែបន្តិចទៀតប៉ុណ្ណោះ ដើម្បីធ្វើឲ្យការផលិតវ៉ាក់សាំង ចេញជាលទ្ធផលជាក់ស្តែង។
បន្ថែមពីខាងលើនេះ លោក ណារិនដ្រា ម៉ូឌី កំពុងតែរៀបចំប័ណ្ណសុខភាព ដើម្បីចែកជូនប្រជាជនទាំងអស់ ជាពិសេសអ្នករស់នៅតាមតំបន់ឆ្ងាយៗ ដើម្បីឲ្យវ៉ាក់សាំងត្រូវបានចែកចាយ ទៅគ្រប់ទិសទីទាំងអស់ទូទាំងប្រទេស និងទៅដល់ប្រជាជនឥណ្ឌាគ្រប់គ្នា ក្នុងករណីដែលវាត្រូវបានអភិវឌ្ឍជោគជ័យ។ ទោះជាបែបនេះក្តី លោក ម៉ូឌី មិនបានបញ្ជាក់ថា តើដំណើរការនៃធ្វើតេស្តនោះ មានលក្ខណៈបែបណា ឬឈានដល់ចំណុចណាឲ្យប្រាកដឡើយ ដោយគ្រាន់តែលោកបានបង្ហាញក្តីជឿជាក់ថា ឥណ្ឌាប្រឹងនឹងយកឈ្នះវីរុសកូរ៉ូណានេះឲ្យបាន។
គួរបញ្ជាក់ថា ឥណ្ឌាក្នុងនាមជាប្រទេសកំពុងរងគ្រោះ ធ្ងន់ធ្ងរបំផុតដោយសារតែ COVID-19 នៅទ្វីបអាស៊ី និងលំដាប់លេខ ៣ នៅលើពិភពលោកនោះ គិតត្រឹមរសៀលថ្ងៃសៅរ៍ ទី១៥ ខែសីហា នេះមានករណីឆ្លងសរុបជាង ២.៥លានករណី ក្នុងនោះអ្នកស្លាប់មានជាង ៤៩,០០០នាក់ និងជាសះស្បើយវិញជាង ១.៨លាននាក់៕