(អូតតាវ៉ា)៖ រដ្ឋាភិបាលកាណាដា កំពុងរៀបចំផែនការសម្រាប់ «សេណារីយ៉ូដ៏អាក្រក់មួយ» ដែលអាចនឹងកើតមានឡើង នៅក្នុងប្រទេសរបស់ខ្លួន នោះគឺរលកថ្មីនៃ COVID-19 ដែលអាចនឹងធ្វើឱ្យប្រព័ន្ធសុខាភិបាលសាធារណៈប្រឈមមុខនឹងការដួលរលំ និងអាចធ្វើឲ្យអត្រានៃការស្លាប់កើនឡើងខ្ពស់។ នេះបើយោងតាមការចេញ ផ្សាយដោយសារពត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០។
ប្រធានសុខាភិបាលសាធារណៈកាណាដា លោកស្រី Theresa Tam បានប្រាប់ទៅសន្និសីទកាសែតមួយថា រហូតមកដល់មកពេលនេះ ប្រព័ន្ធសុខាភិបាលកាណាដា បានគ្រប់គ្រង និងដោះស្រាយការផ្ទុះឡើងនៃ COVID-19 បានល្អក៏ពិតមែន។ ប៉ុន្តែ មានភស្តុតាងបានបង្ហាញថា ប្រសិនបើការគ្រប់គ្រងនេះទទួលរងនូវការបរាជ័យ នោះ «អត្រាមរណ ពិតជានឹងកើនឡើងខ្ពស់»។
លោកស្រីបន្ថែមថា៖ «ខេត្តចំនួន ១០នៃប្រទេសកាណាដា ក៏បានរាយការណ៍ពីអត្រាឆ្លង COVID-19 បានកើនឡើងខ្ពស់ផងដែរ ខណៈសេដ្ឋកិច្ចចាប់ផ្ដើមដំណើរឡើងវិញ ហើយការរឹតបន្តឹងទៅលើការជួបជុំនៅក្នុងសង្គម ត្រូវបានបន្ធូរបន្ធយ។ ការកើនឡើងនៃអត្រាឆ្លងនេះ ត្រូវបានគេរំពឹងអាចនឹងកើតមាន នៅពេលយើងបន្តបើកសកម្មភាព សេដ្ឋកិច្ច និងសង្គម បើទោះបីជាមានការត្រួតពិនិត្យសមស្របក៏ដោយ»។
គួរបញ្ជាក់ រហូតមកដល់ពេលនេះ ប្រទេសកាណាដាមានករណីឆ្លង COVID-19 សរុបចំនួន ១២១,៦៥២ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៩,០២០នាក់ និងជាសះស្បើយ ១០៧,៩៤២នាក់៕