(អូតាវ៉ា)៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុកាណាដា លោក Bill Morneau នៅថ្ងៃចន្ទសប្តាហ៍នេះ(ម៉ោងនៅអូតាវ៉ា)បានប្រកាសលាលែងពីតំណែង ក្រោយពីផ្ទុះមានរឿងអាស្រូវខាងក្រមសីលធម៌ និងចំពេលដែលមានការលេចលឺថាមានការខ្វែងគំនិតគ្នាខ្លាំងជាមួយនាយករដ្ឋមន្ត្រី Justin Trudeau ជុំវិញការចំណាយលើ វិធានការទប់ស្កាត់ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Business Times នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០។
ការប្រកាសលាលែងពីមុខតំណែងនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទសប្តាហ៍នេះ។ នាឱកាសនោះ លោក Bill Morneau បានលើកឡើងយ៉ាងដូច្នេះថា «នៅពេលយើងឈានដល់ដំណាក់កាលបន្ទាប់ នៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ក៏ដូចជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការងើបឡើងវិញនៃសេដ្ឋកិច្ច យើងត្រូវទទួលស្គាល់ថា ដំណើរការនេះត្រូវការចំណាយពេលច្រើនឆ្នាំទៀត។ ដូច្នេះនេះជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី មកអនុវត្តផែនការនោះសម្រាប់រយៈពេលវែង»។
រដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ទៀតថា «នេះហើយជាមូលហេតុ ដែលខ្ញុំនឹងចុះចេញពីតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងជាសមាជិកសភា»។
គួរជម្រាបថា សេចក្តីប្រកាសនេះបានធ្វើឡើង បន្ទាប់ពីមានផ្ទុះរឿងអាស្រូវពុករលួយលើជំនួសសប្បុរសធម៌ WE Charity ដែលជាកម្មវិធីថ្មីមួយសម្រាប់ជួយដល់និស្សិតដែលរងការលំបាកផ្នែកវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីការផ្ទុះឡើងនៃ Covid-19 ។ ទន្ទឹមនឹងនេះ ទំនាក់ទំនងរវាងលោក និងលោកនាយករដ្ឋមន្ត្រី Trudeau ត្រូវាបានគេរាយការណ៍ថា មិនចុះសម្រុងគ្នាសោះឡើយ ជុំវិញការចំណាយប្រាក់រាប់ពាន់លានដុល្លារ ដើម្បីដោះស្រាយផលប៉ះពាល់ដែលបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19 ទៅលើសេដ្ឋកិច្ចកាណាដា៕