(គួរឡាឡាំពួរ)៖ ឧស្សាហកម្មដូងប្រេងម៉ាឡេស៊ី កំពុងពើបប្រទះនឹងកង្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ដោយសារវិបត្តិសកល COVID-19 ដែលបង្ខំឲ្យក្រុមហ៊ុនឧស្សាហកម្មទាំងនោះ ពិចារណាឡើងវិញចំពោះការពឹងផ្អែកខ្លាំងពេកលើកម្លាំងពលកម្មបរទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០។
សមាគមប្រេងដូងម៉ាឡេស៊ី (MPOA) បានឲ្យដឹងថា វិធានការរឹតត្បិតនានាដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ COVID-19 បានធ្វើឲ្យប្រទេសផលិតប្រេងដូងធំជាងគេទី២ លើពិភពលោកមួយនេះ កំពុងជួបប្រទះនឹងបញ្ហាកង្វះកម្មករប្រមាណ ៣៧,០០០ នាក់ ដែលស្មើជិត ១០ ភាគរយនៃកម្លាំងពលកម្មសរុប។
នៅចំពោះបញ្ហាប្រឈមនេះ ក្រុមអ្នកផលិតប្រេងដូងរបស់ម៉ាឡេស៊ី បាននិងកំពុងចាប់ផ្តើមជំរុញការជ្រើសរើសពលករក្នុងស្រុកមកជំនួស ដើម្បីឆ្លើងតបនឹងតម្រូវការបច្ចុប្បន្ន ខណៈរដូវប្រមូលផលនៅឆ្នាំនេះនឹងឈានមកដល់ នៅខែកញ្ញា-វិច្ឆការខាងមុខនេះ។
លោក Imran អ្នកគ្រប់គ្រងផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុនផលិតប្រេងដូង Sime Darby Plantation បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា«នេះជាលើកទីមួយហើយដែលយើងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការជ្រើសរើសពលករជាជនជាតិម៉ាឡេស៊ី ហើយក៏ជាលើកទី១ ដែរ ដែលយើងកំពុងប្រឈមមុខនឹងជំងឺ COVID-19»។
គួរជម្រាបថា ផលិតកម្មប្រេងដូងគឺជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសផលិតប្រេងធំលំដាប់ទី២ លើពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ខណៈពេលដែលកម្មករភាគច្រើនដែលបំបម្រើការលើវិស័យនេះ គឺជាជនបរទេស៕