(សេអ៊ូល)៖ ក្នុងរបាយការណ៍ប្រចាំថ្ងៃអង្គារនេះ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រា ករណីឆ្លងថ្មីៗនៃជំងឺCOVID-19 ចំនួន ២៤៦នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនករណីឆ្លង សរុបកើនដល់ ១៥,៧៦១ករណី។ នេះបើតាមការចេញ ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀល ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២០។
ក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះមាន ១៣១ នាក់បានរាយការណ៍ចេញពីទីក្រុងសេអ៊ូល និង ៥២ នាក់ទៀតចេញពីខេត្ត Gyeonggi ខណៈ ១១នាក់ជាករណីនាំ ចូលពីបរទេសដែលធ្វើឲ្យករណីនាំចូលសរុបកើនដល់ ២,៦៦២ ករណី។
ដោយឡែក សម្រាប់ករណីស្លាប់វិញមាន ០១ករណី ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់ ៣០៥នាក់។ ទន្ទឹមគ្នានេះអ្នកជំងឺ ១៧នាក់ទៀត ក៏ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យផងដែត ដែលជាសរុបចំនួនអ្នកជាសះស្បើយកើនដល់ ១៣,៩៣៤នាក់។
គួរបញ្ជាក់ថា ៥ថ្ងៃជាប់ៗគ្នាចុងក្រោយនេះ អត្រានៃអ្នកឆ្លង COVID-19 ប្រចាំថ្ងៃនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងយ៉ាងគំហុក។ ជាក់ស្តែងកាលពីថ្ងៃសុក្រ ទី១៤ ខែសីហាកន្លងទៅនេះ ត្រូវបានគេរាយការណ៍ថាមានករណីឆ្លងថ្មីៗចំនួន ១០៣នាក់, នៅថ្ងៃបន្ទាប់មាន ១៦៦នាក់, បន្ទាប់មកទៀតមាន ២៧៩នាក់ និង១៩៧ នាក់កាលពីថ្ងៃចន្ទម្សិលមិញ។
គិតចាប់តាំងការផ្ទុះឡើងដំបូងនៃវីរុសនេះកាលពីថ្ងៃទី៣ ខែមករា កន្លងមក ប្រទេសកូរ៉េខាងត្បូង ធ្វើតេស្តរក COVID-19 លើមនុស្សជាង ១.៦៩ លាននាក់ ក្នុងនោះ ១,៦៥៦,០៦២ បានតេស្តអវិជ្ជមាន និង ២៥,២១៩ កំពុងរងចាំលទ្ធផល៕