(ហ្សាកាតា)៖ គ្រោះរញ្ជួយដីកម្រិត ៦.៨រុិចទ័រ បានវាយប្រហារខេត្តបាងគុលូ (Bengkulu) ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមប្រភពពីទីភ្នាក់ងារឧតុនិយមនិងភូគព្ភសាស្ត្រឥណ្ឌូនេស៊ី ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅមុននេះបន្តិច នៅថ្ងៃទីពុធ ទី១៩ ខែសីហា ឆ្នាំ២០២០។
ប្រភពដដែលនេះបានបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៥៖២៩នាទីព្រឹកថ្ងៃពុធ ទី១៩ ខែសីហា(ម៉ោងនៅក្នុងតំបន់) ជាមួយនឹងចំណុចកណ្តាលដែលមានជម្រៅ ៧៨គីឡូម៉ែត ស្ថិតនៅភាគនិរតីនៃសង្កាត់ Bangkulu Utara ខេត្តបាងគុលូ (Bengkulu)។ ប៉ុន្តែតែភ្លាមៗនេះ មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនៅឡើយទេ។
គួរជម្រាបថា ឥណ្ឌូនេស៊ីជាប្រទេសដែលងាយរងគ្រោះដោយសាររញ្ជួយដី និងបន្ទុះភ្នំភ្លើងណាស់ ដ្បិតថាប្រទេសអាស៊ានមួយនេះស្ថិតនៅលើតំបន់ខ្សែក្រវ៉ាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ring of Fire)៕