(ញូវយ៉ក)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ ទី២០ សីហាស្អែកនេះ ក្នុងគោលបំណងស្វែងរកការគាំទ្រពីក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ ដើម្បីពន្យារ ការដាក់ ទណ្ឌកម្ម សព្វាវុធ លើ ប្រទេសអ៉ីរ៉ង់ នេះបើតាមប្រភពពីមន្ត្រីកាទូតរបស់អង្គាការ UN ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០។
ក្នុងដំណើរទស្សនកិច្ចខាងលើនេះ លោក Pompeo ទំនងជានឹងជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំអង្គការសហប្រជាជាតិ គឺលោក Dian Triansyah Djani ដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខនាពេលបច្ចុប្បន្ន ដើម្បីដាក់ពាក្យបណ្តឹងទាមទាឲ្យក្រុមប្រឹក្សាដ៏មានឥទ្ធិពលមួយនេះ ពិចារណាដាក់ទណ្ឌកម្មឡើងវិញ ទៅលើប្រទេសអ៉ីរ៉ង់ ដែលសហរដ្ឋអាមេរិកចោទប្រកាន់ថា មិនបានគោរពរកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បើទោះបីជាទីក្រុងវ៉ាស៊ីនតោនខ្លួនឯង បានដកចេញខ្លួនចេញពីកិច្ចព្រមព្រៀងនេះតាំងពីឆ្នាំ២០១៨ ហើយក៏ដោយនោះ។ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ក៏នឹងជួបជាមួយនឹងប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres ផងដែរ។
គួរជម្រាបថា នៅ ថ្ងៃ សុក្រទី ១៤សីហា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមប្រឹក្សា សន្តិសុខ នៃអង្គការសហប្រជាជាតិ បាន បោះឆ្នោត ប្រឆាំង សេចក្តីសម្រេច ស្នើឡើង ដោយ អាមេរិក ដែល ចង់ ឲ្យ អង្គការ សហប្រជាជាតិ ពន្យារ ការដាក់ ទណ្ឌកម្ម សព្វាវុធ លើ អ៊ីរ៉ង់ ខណៈដែល កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ បានចែងថាទណ្ឌកម្មរបស់ អង្គការសហប្រជាជាតិ លើ អាវុធ អ៊ីរ៉ង់ នឹងត្រូវ ចប់ សុពលភាព នៅខែ តុលា ចុងឆ្នាំនេះតែម្តង៕