(ម៉ានីឡា)៖ ប្រទេសហ្វីលីពីន នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០នេះ បានសម្រេចហាមឃាត់ការនាំចូលសាច់សត្វបក្សី និងស៊ុត ពីប្រទេសអូស្ត្រាលីជាបណ្តោះអាសន្ន បន្ទាប់ពីវីរុសផ្តាសាយបក្សី H7N7 ត្រូវបានរកឃើញនៅឯកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងនៅប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០។
ប្រទេសអូស្រ្តាលីដែលជាអ្នកផ្គត់ផ្គង់តិចជាង ១ភាគរយនៃការនាំចូលសាច់សត្វបស្សីរបស់ហ្វីលីពីន បានបញ្ជាក់ពីការមានករណីផ្ទុះជំងឺផ្តាសាយបក្សី នៅឯកសិដ្ឋានចញ្ចឹមមាន់មួយកន្លែងនៅរដ្ឋ Victoria កាលពីចុងខែកក្កដាកន្លងទៅនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលបានធ្វើឡើងនៅថ្ងៃពុធនេះ ក្រសួងកសិកម្មហ្វីលីពីនបានសម្រេចចេញបទបញ្ជាហាមឃាត់ជាបណ្តោះអាសន្ន នូវការនាំចូលសាច់សត្វបក្សី និងស៊ុត ពីប្រទេសអូស្ត្រាលី។
តែទោះជាយ៉ាងណា រដ្ឋមន្រ្តីក្រសួងកសិកម្មលោក William Dar បានគូសបញ្ជាក់ថា រាល់ការនាំចេញទាំងអស់ពីអូស្រ្តាលី ដែលមានលិខិតអនុញ្ញាតនាំចូល នៅមុនថ្ងៃទី០៦ ខែសីហានឹងត្រូវបានអនុញ្ញាតឲ្យចូលនាំចូលធម្មតា ប្រសិនបើសត្វបក្សីទាំងនោះ ត្រូវបានគេសំឡេះមុនថ្ងៃទី០៣ ខែកក្កដា ឬ ២១ថ្ងៃ មុនពេលមានការផ្ទុះជំងឺខាងលើ។
គួរជម្រាបថា កាលពីថ្ងៃទី១៤ ខែសីហាកន្លងទៅនេះ អាជ្ញាធរហ្វីលីពីនក៏បានសម្រេចដាក់បម្រាមជាបណ្តោះអាសន្នផងដែរ ទៅលើការនាំចូលសាច់មាន់ពីប្រទេសប្រស៊ីល បន្ទាប់ពីប្រទេសចិន បានរកឃើញថាស្លាបមាន់ ដែលនាំចូលពីប្រទេសអាមេរិកខាងត្បូងមួយនេះ មានផ្ទុកវីរុសកូរ៉ូណា (COVID-19) នៅក្នុងទីក្រុងរបស់ខ្លួន៕