(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅក្នុងសប្ដាហ៍នេះ ពាក់ព័ន្ធនឹងបញ្ហាសុខភាព ដែលកំពុងបង្កការសង្ស័យកាន់តែច្រើនឡើងថា តើលោកអាចនឹងបន្តដឹកនាំប្រទេស រហូតដល់អាណត្តិជានាយករដ្ឋមន្ត្រី និងប្រធានបក្សកាន់អំណាច ត្រូវបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២១ បានដែរ ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។
លោក អាបេ បានធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ក្នុងទីក្រុងតូក្យូជាលើកទី ២ កាលពីថ្ងៃចន្ទម្សិលមិញ ដោយគ្រាន់តែបានបញ្ជាក់ថា លោកទៅទទួលលទ្ធផលត្រួតពិនិត្យសុខភាព កាលពីសប្ដាហ៍មុនតែប៉ុណ្ណោះ ហើយក្រោយចាកចេញពីមន្ទីរពេទ្យ នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា លោកនឹងនិយាយនៅពេលក្រោយ ពីលទ្ធផលធ្វើតេស្ដសុខភាពរបស់លោក។
បើតាមទូរទស្សន៍ TV Tokyo លោក អាបេ អាចនឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅក្នុងសប្ដាហ៍នេះ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីបញ្ហាសុខភាព រួមទាំងវិធានការបន្ថែមប្រយុទ្ធប្រឆាំងនឹង COVID-19។ លើសពីនេះទៅទៀត លោក អាបេ ក៏ត្រូវបានគេរំពឹងផងដែរថា នឹងរុះរើគណៈរដ្ឋមន្ត្រីរបស់លោក និងតំណែងមន្ត្រីកំពូលៗមួយចំនួន នៅក្នុងបក្សនៅខែកញ្ញាខាងមុខ។
គួរបញ្ជាក់ថា លោក អាបេ ធ្លាប់ត្រូវបានគេរាយការណ៍ថា ក្អួតចេញឈាមតាមមាត់ នៅក្នុងបន្ទប់ការិយាល័យរបស់លោក កាលពីថ្ងៃទី០៦ ខែកក្កដាផងដែរ តែមិនទាន់មានការទទួលស្គាល់ជាផ្លូវការនៅឡើយទេ។ លោក អាបេ ធ្លាប់បានលាលែងចេញពីតំណែងម្ដងដែរកាលពីឆ្នាំ២០០៧ បន្ទាប់ពីកាន់តំណែងជានាយករដ្ឋមន្ត្រី បានមិនដល់មួយឆ្នាំស្រួលបួលផង ដោយសារតែលោកមានជំងឺរលាកពោះវៀនតូច និងពោះវៀនធំធ្ងន់ធ្ងរ។ តែក្រោយមកក្រុមគ្រូពេទ្យ បានព្យាបាលលោកឱ្យជាសះស្បើយឡើងវិញ៕