(រ៉ូម)៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានចាប់ផ្ដើមបំពេញទស្សនកិច្ចមួយជុំ នៅទ្វីបអឺរ៉ុបក្នុងប្រទេសសរុបចំនួន ៥ ដោយចាប់ផ្ដើមមុនគេក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ដើម្បីព្យាយាមបង្កើនទំនាក់ទំនងមិត្តភាពជាមួយអឺរ៉ុប ដែលកំពុងមានភាពតានតឹងទាំងផ្នែកការទូត និងសេដ្ឋកិច្ចជាមួយមិត្តជិតស្និទ្ធខ្លួនឯង គឺសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។
នៅក្នុងដំណើរទស្សនកិច្ចក្នុងទីក្រុងរ៉ូម លោក វ៉ាង យី មិនបានលើកចំឈ្មោះសហរដ្ឋអាមេរិកទេ ប៉ុន្តែបានថ្កោលទោសការបង្ករឿង និងការបង្កការខូចខាតពីសំណាក់កម្លាំងខាងក្រៅ ខណៈសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងមានជម្លោះនឹងគ្នាស្រាប់ ពាក់ព័ន្ធនឹងការដំឡើងពន្ធ ដើម្បីសងសឹកដាក់គ្នាទៅវិញទៅមក។
អ៉ីតាលីគឺជាប្រទេស G7 ដំបូងគេបំផុត ដែលបានចុះកិច្ចព្រមព្រៀងលើ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន បើទោះជាមានការរិះគន់ពីបណ្តាប្រទេសអឺរ៉ុបភាគច្រើន រួមទាំងសហរដ្ឋអាមេរិកក៏ដោយ ហើយមិនតែប៉ុណ្ណោះកាលពីថ្ងៃអង្គារម្សិលមិញ លោក វ៉ាង យី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីចំនួន ០២បន្ថែមទៀតជាមួយរដ្ឋមន្ត្រីការបរទេសអ៉ឺតាលី លោក លុយជី ឌី ម៉ៃយ៉ូ (Luigi Di Maio) ទៀតផង។
ដំណើរទស្សនកិច្ចទៅកាន់ទ្វីបអ៉ឺរ៉ុបរបស់លោក វ៉ាង យី ត្រូវបានគេមើលឃើញថា មិនមែនជារឿងចៃដន្យនោះទេ ព្រោះវាកើតមានឡើងចំពេលទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កំពុងមានភាពល្អក់កករនឹងគ្នា ដោយសារតែគោលនយោបាយ តម្កល់ផលប្រយោជន៍អាមេរិកជាធំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
ជាក់ស្តែងប្រមុខការទូតចិន លោក វ៉ាង យី ត្រូវបានគេមើលឃើញថា អាចចាប់យកឱកាសនេះប្រើប្រាស់ទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីបង្កើន ក៏ដូចជាពង្រឹងទំនាក់ទំនងជាមួយអឺរ៉ុប ព្រមទាំងបញ្ចុះបញ្ចូលកុំឱ្យអឺរ៉ុប ប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ផងដែរ ហើយភាគីទាំង ២ នៅមានរឿងត្រូវដោះស្រាយនឹងគ្នា ជុំវិញសំណុំរឿងទីក្រុងហុងកុងថែមទៀត។
គួរបញ្ជាក់ថា ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅអ៉ីតាលី លោកប្រមុខការទូតចិន វ៉ាង យី នឹងបន្តដំណើរទៅកាន់ប្រទេសហូងឡង់, បារាំង, អាល្លឺម៉ង់ និងន័រវែស ដែលសុទ្ធសឹងតែជាប្រទេសមានឥទ្ធិពលខ្លាំងក្លាជាងគេ ប្រចាំសហភាពអឺរ៉ុប៕