(សាន់ហ្វ្រាន់ស៊ីស្កូ)៖ កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ស្ថានការណ៍ភ្លើងឆេះព្រៃ នៅក្នុងតំបន់កាលីហ្វ័រញ៉ាភាគខាងជើង (Northern California) មានភាពរីកចម្រើនបន្តិចបន្តួចប៉ុណ្ណោះ ខណៈមនុស្សរាប់ម៉ឺននាក់ ត្រូវបង្ខំចិត្តជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។
គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ភ្លើងឆេះព្រៃមានអក្សរសម្គាល់ LNU បានឆាបឆេះលើផ្ទៃដី ១,៤២៨គីឡូម៉ែត្រក្រឡា ដោយអាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍បាន ២៧ភាគរយ ហើយមនុស្ស ០៥នាក់បានស្លាប់ និងលំនៅឋានប្រជាជន ឬសំណង់ចំនួន ៩៣៧ខ្នង ត្រូវបានបំផ្លាញ ខណៈជិត ៣០,០០០ខ្នងផ្សេងទៀត កំពុងស្ថិតនៅចំពោះមុខការគំរាមកំហែងពីអគ្គីភ័យ។
បន្ថែមពីខាងលើនេះ ក្រុមអ្នកពន្លត់អគ្គីភ័យ អាចគ្រប់គ្រងស្ថានការណ៍ភ្លើងឆេះព្រៃមួយទៀត មានអក្សរសម្គាល់ CZU បានត្រឹមតែ ១៧ភាគរយប៉ុណ្ណោះ ដែលកំពុងឆាបឆេះលើផ្ទៃដីជាង ៣១,៩១៧ហិកតា នៅទូទាំងប៉ែកខាងលិចនៃតំបន់ សាន់ម៉ាធីអូ (San Mateo) និង សាន់តាគ្រូស (Santa Cruz)។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃបានបង្ខំឱ្យប្រជាជន ៧៧,០០០នាក់រស់នៅក្នុងតំបន់ Santa Cruz ជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព គិតត្រឹមព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ។ អាជ្ញាធរនៅក្នុងតំបន់ក៏បានអំពាវនាវជំនួយបន្ថែម ដើម្បីជួយដល់ប្រជាជន ដែលកំពុងរងផលប៉ះពាល់ពីភ្លើងឆេះព្រៃផងដែរ៕