(វ៉ាស៊ីនតោន)៖ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានបង្ហាញនូវផែនការមួយ ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ជាមួយការអំពាវនាវឲ្យរដ្ឋាភិបាលអាមេរិក ចំណាយប្រាក់ច្រើនជាង ៤០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងកិច្ចខិតខំប្រឹងប្រែង លុបបំបាត់ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅត្រឹមឆ្នាំ២០៥០។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។
យោងតាមរបាយការណ៍មានកម្រាស់ ២៦០ទំព័ររបស់គណៈកម្មាធិការពិសេស នៃគណបក្សប្រជាធិបតេយ្យស្ដីពីវិបត្តិអាកាសធាតុ ផែនការខាងលើ គឺជាផែនការចុងក្រោយបំផុតរបស់ខ្លួន ដែលបានរៀបរាប់យ៉ាងលម្អិតអំពីរបៀប ដែលសហរដ្ឋអាមេរិក អាចប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅផែនដីបាន។ ផែនការនេះក៏មានគោលបំណងបង្កើត កន្លែងការងារយ៉ាងហោច ១០លានកន្លែងផងដែរ ក្នុងនោះរួមមានដូចជា ការផលិតថាមពលស្អាត និងការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗផងដែរ។
តែទោះជាយ៉ាងនេះក្ដី រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបន្ទាបហានិភ័យនានា ដែលបង្កឡើងដោយបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយថែមទាំងបានលុបចោលនូវច្បាប់ ស្ដីពីឧស្សាហកម្មឥន្ធនៈហ្វូស៊ីលទៀតផង។ អ្នកធ្វើយុទ្ធនាប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ មកពីក្រុមអភិរក្សបរិស្ថាន ហ្គ្រីនភីស (Greenpeace) នៃសហរដ្ឋអាមេរិក លោក ឆាលី ជាំង (Charlie Jiang) ក៏បាននិយាយដែរថា គណបក្សប្រជាធិបតេយ្យធ្វើបានល្អ ដោយបានលើកឡើងពីកិច្ចការពារបរិស្ថាន, សិទ្ធិការងារ, និងវិបត្តិអាកាសធាតុ។ ប៉ុន្តែលោកយល់ថា របាយការណ៍នេះហាក់បីដូចជាមានលក្ខណៈមិនគ្រប់គ្រាន់ ក្នុងការដាក់ឲ្យធ្វើដំណើរការនោះទេ៕