(រ៉ង់ហ្គូន)៖ ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានរាយការណ៍ពីករណីឆ្លង COVID-19 ថ្មីៗចំនួន ៧០ករណីបន្ថែមទៀត ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
ក្រសួងសុខាភិបាលមីយ៉ាន់ម៉ាមិនបានបញ្ជាក់ទេថា តើករណីឆ្លង COVID-19 ថ្មីៗចំនួន ៧០ករណីនេះត្រូវបានរកឃើញនៅទីណា និងជាប្រភេទឆ្លងក្នុងស្រុក ឬនាំចូលពីបរទេស។ ដោយឡែកករណីឆ្លងថ្មីៗ ដែលបានរាយការណ៍កន្លងមកនេះ ភាគច្រើនត្រូវបានគេរកឃើញនៅទីក្រុងស៊ីតថ្វេ (Sittwe) នៃរដ្ឋរ៉ាឃីន (Rakhine) ជាកន្លែងដែលរដ្ឋាភិបាលមីយ៉ាន់ម៉ា ទើបដាក់ចេញនូវបទបញ្ជាឲ្យប្រជាជនស្ថិតនៅផ្ទះ និងប្រកាសដាក់បំរាមគោចរផងដែរ។
គួរបញ្ជាក់ រហូតមកទល់ពេលនេះ ប្រទេសមីយ៉ាន់ម៉ាមានករណីឆ្លង COVID-19 សរុបទូទាំងប្រទេសចំនួន ៥៧៤ករណី ក្នុងនោះចំនួនអ្នកស្លាប់មាន ០៦នាក់ និងចំនួនអ្នកជាសះស្បើយ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់ឡើយ៕