(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន នៅថ្ងៃពុធនេះបាននិយាយថា វាដូចជាឆាប់ពេកហើយ ក្នុងការនិយាយពីសម័យកាលនយោបាយជប៉ុន ក្រោយលោក អាបេ ស៉ីនហ្សូ (អ្នកកាន់តំណែងបន្ត ក្នុងករណីលោក អាបេ លាលែង) ព្រោះថាអាណត្តិរបស់លោក គឺនៅបន្តរហូតដល់ឆ្នាំក្រោយឯណោះ ខណៈក្តីបារម្ភបានកើតមានឡើងជុំវិញ សមត្ថភាពបន្តធ្វើជានាយករដ្ឋមន្រ្តីរបស់លោក បន្ទាប់ពីមានដំណឹងថាលោក អាបេ បានចូលមន្ទីរពេទ្យដល់ទៅពីរលើក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។
លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានលើកឡើងដូច្នេះថា «វាហាក់ដូចជាលឿនពេក ដែលគ្រប់គ្នាត្រូវនិយាយពីសម័យកាលក្រោយលោក អាបេ (អ្នកកាន់តំណែងបន្ត) ដ្បិតលោកនៅមានពេលដឹកនាំដល់ទៅជាង ១ឆ្នាំទៀត»។ កាលពីថ្ងៃអង្គារម្សិលមិញ មនុស្សជំនិតលោក អាបេ គឺលោក អាម៉ារិ អាគីរ៉ា (Amari Akira) ក៏បានច្រានចោលក្តីបារម្ភជុំវិញបញ្ហាសុខភាព របស់លោកនាយករដ្ឋមន្រ្តីជប៉ុនផងដែរ។
លោក Amari បាននិយាយថា លោក អាបេ មានសភាពគ្រាន់បើជាងមុនឆ្ងាយ បើធៀបនឹងកាលពីពាក់កណ្តាលខែសីហា ហើយលោក អាបេ ទំនងជានឹងនៅបន្តកាន់តំណែង ជាប្រធានគណបក្សកាន់អំណាច និងជានាយករដ្ឋមន្រ្តីរហូតដល់ផុតអាណត្តិ គឺនៅក្នុងខែកញ្ញា ឆ្នាំ២០២១ឯណោះ។
ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ លោក អាបេ ត្រូវគេរាយការណ៍ថា បានទៅមន្ទីរពេទ្យដល់ទៅ ០២លើក ដោយក្នុងមួយលើកនោះ បានស្ថិតនៅក្នុងមន្ទីរពេទ្យជាង ៧ម៉ោង។ លោក អាបេ មិនបានបញ្ជាក់លម្អិត ពីការធ្វើដំណើរទៅកាន់មន្ទីរពេទ្យឡើយ ដោយលោកបានត្រឹមនិយាយថា លោកចង់ថែរក្សាសុខភាព និងបំពេញការងារឲ្យអស់ពីលទ្ធភាព។ បើតាមប្រភពដែលទីភ្នាក់ងារ Reuters ទទួលបាន លោក អាបេ គ្រោងនឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រសប្តាហ៍នេះ។
គួរជម្រាបថា លោក អាបេ ស៉ីនហ្សូ បានបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុន ចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ ធ្វើឲ្យលោកជាប់ឈ្មោះជា នាយករដ្ឋមន្រ្តីជប៉ុនកាន់អំណាច បានយូរបំផុតក្នុងប្រវត្តិសាស្រ្ត។ ដោយឡែក កំឡុងអាណត្តិកាន់អំណាចមុនមួយទៀត លោក អាបេ ធ្លាប់បានលាលែងពីតំណែង យ៉ាងតក់ក្រហលកាលពីឆ្នាំ២០០៧ ដោយសារជំងឺរលាកពោះវៀន៕