(ប៉ារីស)៖ ទីប្រឹក្សារដ្ឋាភិបាលបារាំងនារសៀលថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រលកទី២នៃ COVID-19 អាចនឹងវាយប្រហារប្រទេសបារាំង នៅក្នុងខែវិច្ឆិការខាងមុខ ខណៈទីក្រុង ម៉ាសសី (Marseille) បាននិងកំពុងចាត់វិធានការរឹតបន្តឹងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងវិញនេះ។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA។
អាជ្ញាធរទីក្រុង Marseille បាននិយាយកាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញនេះថា ក្រោមវិធានការណ៍ថ្មីនេះ បារ និងភោជនីយដ្ឋាននៅក្នុងទីក្រុង Marseille ទាំងអស់ត្រូវតែបិទទ្វារ នៅចន្លោះម៉ោង ១១៖០០នាទីយប់ ដល់ម៉ោងម៉ោង ៦៖០០នាទីព្រឹក (ម៉ោងនៅប៉ារីស) និងតម្រូវឲ្យមានការពាក់ម៉ាស នៅតាមសាធារណៈគ្រប់សង្កាត់ទាំងអស់ នៅក្នុងទីក្រុងនោះ។ សម្រាប់វិធានការថ្មីនេះ នឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី២៦ ខែសីហានេះ តទៅរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
គួរបញ្ជាក់ រហូតមកទល់ពេលនេះ ប្រទេសបារាំងមានករណីឆ្លង COVID-19 សរុបទូទាំងប្រទេសចំនួន ២៤៨,១៥៨ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៣០,៥៤៤នាក់ និងជាសះស្បើយចំនួន ៨៥,៥២៤នាក់៕