(បាងកក)៖ រដ្ឋមន្ត្រីឌីជីថលថៃលោក ភុតធីផុង ផាន់ណាកាន់ថា (Puttipong Punnakanta) នៅថ្ងៃពុធនេះបានប្តេជ្ញាថា មិនបោះបង់គម្រោងក្នុងការបិទ ឬ Block ខ្លឹមសារលើបណ្តាញសង្គម Facebook ដែលរដ្ឋាភិបាលចាត់ទុកថា ជារឿងខុសច្បាប់នោះឡើយ ហើយក្រុមហ៊ុន Facebook ក៏ទំនងជាមិននៅបន្តគម្រោងដើម្បីតតាំងជាមួយសំណើឲ្យបិទ Group លើ Facebook ដែលរិះគន់របបរាជានិយមនៅប្រទេសថៃនោះដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុន Facebook បានសម្រេចចិត្តបិទក្រុមជជែកពិភាក្សាមួយ (Group) មានឈ្មោះជាភាសាអង់គ្លេសថា «Royalist Marketplace» ក្រោយរដ្ឋាភិបាលថៃ គំរាមចាត់វិធានការតាមច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ បើសិនជា Facebook បរាជ័យ ឬក៏មិនចាត់វិធានការបិទ ក៏ដូចជាលុបចោលរាល់មាតិការទាំងឡាយណា ដែលប្រមាថដល់ព្រះមហាក្សត្រថៃទេនោះ។
បន្ទាប់ពីក្រុមជជែកពិភាក្សាខាងលើ ត្រូវបានបិទមិនបានប៉ុន្មានម៉ោងផង លោក ផាវីន ចក្រវាឡផុងផាន់ (Pavin Chachavalpongpun) ដែលត្រូវបានគេស្គាល់ថា ជាអ្នករិះគន់របបរាជានិយមរបស់ថៃដ៏ល្បីល្បាញម្នាក់ បានបង្កើតក្រុមថ្មីមួយទៀត ដែលមានឈ្មោះស្រដៀងគ្នា ដោយទទួលបានសមាជិកច្រើនជាង ៧០០,០០០នាក់ ក្នុងរយៈពេលត្រឹម ០២ថ្ងៃ។ សកម្មជនដែលកំពុងរស់នៅជប៉ុនរូបនេះ បានប្រាប់ទីភ្នាក់ងារ Reuters យ៉ាងដូច្នេះថា «ប្រសិនបើអ្នកចង់បិទវាម្តងទៀត ខ្ញុំនឹងបង្កើតក្រុមថ្មីមួយទៀត... ដើម្បីលើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ ខ្ញុំនឹងធ្វើវាភ្លាម»។
លោក Puttipong Punnakanta បានឲ្យដឹងថា ប្រសិនបើក្រុមថ្មីនេះធ្វើអ្វីខុសច្បាប់ម្តងទៀត យើងនឹងចាត់វិធានការសាជាថ្មី។ លោកបន្តទៀតថា ក្រុមហ៊ុន Facebook ត្រូវតែអនុវត្តតាមបញ្ជារបស់តុលាការ ភ្ជាប់ជាមួយសំណើរបស់រដ្ឋាភិបាល ដើម្បីរារាំងមាតិកានៅក្នុងស្រុក។ លើសពីនេះ លោកបានព្រមានដល់ការិយាល័យក្រុមហ៊ុន Facebook ប្រចាំប្រទេសថៃ ពីលទ្ធភាពចោទប្រកាន់ពីបទឧក្រិដ្ឋកម្មតាមអ៉ីនធើណិត ប្រសិនបើបញ្ជាខាងលើ មិនត្រូវបានអនុវត្តតាម។ លោក Puttipong ក៏បានសង្កត់ធ្ងន់ដែរថា យើងមិនមែនជាមនុស្សកាងនោះទេ យើងគ្រាន់តែប្រើច្បាប់ថៃ ដើម្បីការពារអធិបតេយ្យភាព នៃបណ្តាញអ៉ីនធើណិតរបស់ថៃតែប៉ុណ្តោះ។
នៅជុំវិញបញ្ហានេះ លោកស្រី រ៉ាហ្សា អាប់ឌុល រ៉ាហ៊ីម (Rasha Abdul-Rahim) តំណាងក្រុមសិទិ្ធមនុស្សអន្តរជាតិ បានលើកឡើងថា ការដែលក្រុមហ៊ុន Facebook ធ្វើតាមសំណើរដ្ឋាភិបាលថៃ គឺជាការបង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់សេរីភាព នៃការបញ្ចេញមតិតាមប្រព័ន្ធអនឡាញ។ លោកស្រី Rahim បានបន្តទៀតថា យើងសាទរចំពោះវិធានការ តាមផ្លូវច្បាប់របស់ក្រុមហ៊ុន Facebook ដើម្បីតតាំងនឹងរដ្ឋាភិបាលថៃវិញ៕