(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ស្ថានការណ៍ភ្លើងឆេះព្រៃ នៅក្នុងតំបន់កាលីហ្វ័រញ៉ាភាគខាងជើង (Northern California) មានភាពរីកចម្រើនបន្តិចបន្តួចប៉ុណ្ណោះ ខណៈមនុស្សរាប់ម៉ឺននាក់ ត្រូវបង្ខំចិត្តជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព។
២៖ រដ្ឋមន្ត្រីឌីជីថលថៃលោក ភុតធីផុង ផាន់ណាកាន់ថា (Puttipong Punnakanta) នៅថ្ងៃពុធនេះបានប្តេជ្ញាថា មិនបោះបង់គម្រោងក្នុងការបិទ ឬ Block ខ្លឹមសារលើបណ្តាញសង្គម Facebook ដែលរដ្ឋាភិបាលចាត់ទុកថា ជារឿងខុសច្បាប់នោះឡើយ។
៣៖ ទីប្រឹក្សារដ្ឋាភិបាលបារាំងនារសៀលថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានប្រាប់ទៅប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា រលកទី២នៃ COVID-19 អាចនឹងវាយប្រហារប្រទេសបារាំង នៅក្នុងខែវិច្ឆិការខាងមុខ ខណៈទីក្រុង ម៉ាសសី (Marseille) បាននិងកំពុងចាត់វិធានការរឹតបន្តឹងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងវិញនេះ។
៤៖ សមាជិកសភាបក្សប្រឆាំងនៅហុងកុងចំនួន ០២រូបត្រូវបានចាប់ខ្លួនហើយនាព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្នុងប្រតិបត្តិការមួយរបស់ប៉ូលីស ដែលបានចោទប្រកាន់ពីបទធ្វើបាតុកម្មតវ៉ា ប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំមុន។
៥៖ យោងតាមការផ្សាយ របស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ប្រមុខដឹកនាំកំពូលនៃប្រទេសនេះគឺលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមាន កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺសកល COVID-19 បើទោះបីជាកូរ៉េខាងជើងនៅពេលនេះ មិនទាន់មានករណីឆ្លង សូម្បីតែម្នាក់ក៏ដោយ។
៦៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាឲ្យ ក្រុមវេជ្ជបណ្ឌិតនៅទីក្រុងសេអ៊ូល ត្រឡប់ទៅធ្វើការងារជាធម្មតាវិញនៅថ្ងៃពុធនេះ ខណៈដែលពួកគេបានចាប់ផ្តើមធ្វើកូដកម្ម អស់រយៈពេល ០៣ថ្ងៃមកហើយ ដើម្បីប្រឆាំងនឹងសំណើរបស់រដ្ឋាភិបាល ក្នុងនោះរួមមានការបង្កើនចំនួនវេជ្ជបណ្ឌិត ដើម្បីដោះស្រាយវិបត្តិសុខាភាពសាធារណៈ៕