(នីកូស៊ី)៖ សមយុទ្ធយោធាផ្លូវអាកាស និងសមុទ្ររួមគ្នាមួយ នៃប្រទេសចំនួន៤ រួមមានដូចជាប្រទេសបារាំង,អ៉ីតាលី,ក្រិក និងប្រទេសស៊ីប បានចាប់ផ្តើមហើយ នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីជាការឆ្លើយតបដោយផ្ទាល់ចំពោះសកម្មភាពរបស់ប្រទេសតួកគី នៅសមុទ្រមេឌីទែរ៉ាណេភាគខាងកើត។ នេះបើយោងតាមប្រភពពី ក្រសួងការពារជាតិស៊ីប ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
តាមរយៈសេចក្តីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងការពារជាតិស៊ីបបានថ្លែងឲ្យដឹងថា សមយុទ្ធយោធារយៈពេល៣ថ្ងៃ នឹងចាប់ផ្តើមនៅព្រឹកថ្ងៃពុធនេះ នៅឯច្រាំងភាគខាងត្បូងនៃកោះស៊ីប និងជិតតំបន់ដែលប្រទេសតួកគី បាន និងកំពុងមានសកម្មភាពយោធានៅទីនោះ។ សេចក្តីថ្លែងការដដែល បានសង្កត់ធ្ងន់ដូច្នេះថា៖ «គំនិត ផ្តួចផ្តើមបួនទិសនេះ គឺជាភស្ដុតាងជាក់ស្តែងនៃការយោគយល់គ្នាទៅវិញទៅមក និងជាការលះបង់ចំពោះគោលការណ៍ច្បាប់ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បី កាត់បន្ថយភាពតានតឹង តាមរយៈមធ្យោបាយនយោបាយ»។
គួរជម្រាបថា តួកគីបានទទួលរងការរិះគន់ពីសំណាក់សហភាពអ៉ឺរ៉ុប ក៏ដូចជាបណ្តាប្រទេសអ៉ឺរ៉ុបមួយចំនួន នាប៉ុន្មានថ្ងៃចុងក្រោយនេះ ជុំវិញការចាប់ផ្តើមសកម្មភាពលំហាត់សឹក ក្នុងដែនសមុទ្រដែលមានជម្លោះជាមួយប្រទេសក្រិក ដែលភាគីតួកគីអះអាងថាជា ដែនអធិបតេយ្យភាពរបស់ខ្លួន។ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Heiko Maas បានធ្វើទស្សនកិច្ចនៅប្រទេសក្រិក និងតួកគី ដើម្បីបញ្ចុះបញ្ចូលភាគីទាំងពីរឲ្យចូលតុចរចារ ជៀសវាងការប្រឈមមុខដាក់គ្នា៕