(យ៉ាងហ្គូន)៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃពុធ ទី២៦ ខែសីហានេះ បានឲ្យដឹងថា វិទ្យាល័យទាំងអស់នៅទូទាំងប្រទេស នឹងត្រូវបិទទ្វារជាបណ្តោះអាសន្នម្តងទៀត បន្ទាប់ពី ប្រទេសសមាជិកអាស៊ានមួយនេះ បានស្គាល់ការកើនឡើងយ៉ាងគំហុក នៃចំនួនករណីឆ្លង COVID-19 ក្នុងស្រុក នារយៈពេលចុងក្រោយនេះ។ នេះបើយោងតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
លោកបណ្ឌិត Tin Maung Win ជាអគ្គនាយករងនៃនាយកដ្ឋានអប់រំមូលដ្ឋានមីយ៉ាន់ម៉ា បានប្រាប់សារព័ត៌មានស៊ីនហួ នៅថ្ងៃពុធនេះថា វិទ្យាល័យទាំងអស់សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ នឹងត្រូវបិទជាបណ្តោះអាសន្ន ដោយចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះតែម្តង។ លោកអគ្គនាយករងរូបនេះ បានគូសបញ្ជាក់ទៀតថា គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង និងព្យាបាលជំងឺ COVID-19 បានណែនាំរដ្ឋបាលថ្នាក់តំបន់និងជាតិ ព្រមទាំងក្រសួងអប់រំ ឲ្យបិទវិទ្យាល័យទាំងអស់ ដោយសារស្ថានការណ៍បច្ចុប្បន្ន នៃជំងឺឆ្លង COVID-19 មានសភាពកាន់តែធ្ងន់ធ្ងរឡើង។
បើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងអប់រំមីយ៉ាន់ម៉ា ចាប់តាំងពីថ្ងៃទី២១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែសីហាកន្លងទៅនេះ មានវិទ្យាល័យចំនួន ៦,៣២៦ ក្នុងចំណោមវិទ្យាល័យទាំងអស់ ៧,១៧៣កន្លែង បានបើកដំណើរការឡើងវិញ នៅទូទាំងប្រទេស បន្ទាប់ពីត្រូវបានបិទមួយរយៈដោយសារ COVID-19។
គួរជម្រាបថា សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងចំពេលដែលប្រទេសមីយ៉ាន់ម៉ា បានជួបប្រទះការកើនឡើង នៃចំនួនអ្នកឆ្លងក្នុងស្រុកយ៉ាងគំហុក នារយៈពេលចុងក្រោយនេះ ដោយគ្រាន់តែនៅថ្ងៃពុធតែឯង ប្រទេសអាស៊ានមួយនេះបានកត់ត្រាករណីឆ្លងថ្មីៗ រហូតដល់៧០នាក់ ដែលជាអត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុនមកទេ។ បច្ចុប្បន្នមីយ៉ាន់ម៉ា មានករណីឆ្លង COVID-19 សរុបទូទាំងប្រទេសចំនួន ៥៧៤ករណី ក្នុងនោះចំនួនអ្នកស្លាប់មាន ០៦នាក់ និងចំនួនអ្នកជាសះស្បើយ មិនទាន់ត្រូវបានបញ្ជាក់ ច្បាស់លាស់ឡើយ៕