(ណៃពិដោ)៖ ចំនួនករណីឆ្លងសរុបនៃ COVID-19 នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបន្តកើនដល់៧៤៩នាក់ហើយ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០។
នៅព្រឹកថ្ងៃអាទិត្យនេះ ករណីឆ្លងថ្មីចំនួន១៦នាក់ ក្នុងនោះ១០នាក់ជាករណីឆ្លងក្នុងស្រុក និង៦នាក់ជាករណីនាំចូល ត្រូវបានរាយការណ៍។ មីយ៉ាន់ម៉ាបានរកឃើញករណីឆ្លងក្នុងស្រុកសាជាថ្មី ចាប់តាំងតែពីថ្ងៃទី១៦ ខែសីហា បន្ទាប់ពីករណីបែបនេះ ត្រូវបានរកឃើញចុងក្រោយនៅថ្ងៃទី១៦ ខែកក្កដាម៉្លេះ។
រដ្ឋ Rakhine ដែលនៅភាគខាងលិចមីយ៉ាន់ម៉ា គឺជាតំបន់មានការរាលដាលខ្លាំងជាងគេ ដោយទីប្រជុំជនទាំងអស់ក្នុងរដ្ឋនេះ ត្រូវស្ថិតក្រោមបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ដែលជាផ្នែកនៃវិធានការទប់ស្កាត់ការរាតត្បាតជំងឺ COVID-19។
គួរជម្រាបថា មកទល់ពេលនេះ មនុស្ស១៥៦,០៤២នាក់ ត្រូវបានធ្វើតេស្តរក COVID-19 នៅមីយ៉ាន់ម៉ា។ ក្នុងចំណោមអ្នកដែលឆ្លងទាំងអស់ មាន៣៥១នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ ហើយ៦នាក់បានបាត់បង់ជីវិត។ មីយ៉ាន់ម៉ារកឃើញករណី COVID-19 ពីរនាក់ដំបូងកាលពីថ្ងៃទី២៣ ខែមីនា៕