(តូក្យូ)៖ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោក អ៊ីស៊ីបា ស៊ីហ្គេរ៉ូ (Ishiba Shigeru) នៅថ្ងៃចន្ទនេះបានប្រកាសថា លោកជាបេក្ខភាពមួយរូប នៅក្នុងការប្រកួតប្រជែងជ្រើសរើស នាយករដ្ឋមន្រ្តីថ្មីជំនួសលោក អាបេ ស៊ីនហ្សូ (Abe Shinzo) ដែលបានប្រកាសជាផ្លូវការថា នឹងលាលែងពីដំណែងកាលពីសប្ដាហ៍មុន និងជាបេក្ខជនដែលកំពុងទទួលបាន ការគាំទ្រយ៉ាងច្រើនពីមហាជនផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០។
ការបង្ហាញមហិច្ឆតារបស់អតីតរដ្ឋមន្ត្រីការពារជាតិជប៉ុនខាងលើនេះ បានកើតមានឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី Abe ដែលកាន់តំណែងយូរជាងគេរបស់ប្រទេសជប៉ុន កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានប្រកាសជាផ្លូវការ ពីសម្រេចចិត្តលាលែងពីតំណែង ដោយសារបញ្ហាសុខភាព ខណៈលោកកំពុងរៀបចំឆាក សម្រាប់ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោក។
គួរបញ្ជាក់ថា ប្រធានគណបក្ស LDP ត្រូវបានកំណត់ថា នឹងក្លាយជានាយករដ្ឋមន្រ្តីដោយស្វ័យប្រវត្តិ ដោយសារតែគណបក្សនេះ ទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ដោយឡែកលោក អាបេ បានសម្រេចចិត្តលាលែងពីតំណែង ដោយសារជំងឺរលាកពោះវៀនធ្ងន់ធ្ងររបស់លោក បានរើឡើងមកវិញ៕