(ញូវដេលី)៖ អតីតប្រធានាធិបតីឥណ្ឌា លោក Pranab Mukherjee ដែលត្រូវបានគេតេស្តរកឃើញវិជ្ជមានចំពោះ COVID-19 កាលពីដើមខែសីហានេះ បានទទួល មរណភាពហើយ នៅថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០នេះ ក្នុងជន្មាយុ ៨៤ឆ្នាំ។ នេះបើយោងតាមក្រុមគ្រួសាររបស់លោក ដកស្រង់ការផ្សាយដោយសារព័ត៌មាន CNA។
លោក Mukherjee បានទទួលមរណភាព ដោយសារសរីរាង្គជាច្រើនរបស់លោក លែងដំណើរការ នៅថ្ងៃចន្ទនេះ បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីប៉ុន្មាន សប្តាហ៍មុន ខណៈដែលរូបលោកក៏ត្រូវបានគេតេស្តរកឃើញ COVID-19 កាលពីថ្ងៃទី១០ ខែសីហា នៅក្នុងមន្ទីពេទ្យនោះផងដែរ។
គួរជម្រាបថា លោក Mukherjee គឺជាអ្នកនយោបាយជើងចាស់ ដែលធ្លាប់បម្រើការជារដ្ឋមន្រ្តីការពារជាតិ, រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ មុនក្លាយជា ប្រធានាធិបតីឥណ្ឌាពីឆ្នាំ២០១២ ដល់២០១៧៕