(វ៉ាស៊ីនតោន)៖ របាយការណ៍ថ្មីរបស់មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថា ចិនបាននិងកំពុងព្យាយាមបង្កើន ការផលិតនូវក្បាលគ្រាប់នុយក្លេអ៊ែរក្នុងចំនួនទ្វេដង ដើម្បីស្តុកនៅក្នុងឃ្លាំងនុយក្លេអ៊ែររបស់ខ្លួន នៅរយៈពេល ១០ឆ្នាំខាងមុខ ខណៈយោធាចិនបានឈានដល់ចំណុចស្មើ ឬដើរហួសសហរដ្ឋអាមេរិក នៅក្នុងវិស័យសំខាន់ៗមួយចំនួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) មន្ទីរបញ្ចកោណបានឱ្យដឹងទៀតថា ទីក្រុងប៉េកាំងមានភាពរីកចម្រើនយ៉ាងខ្លាំង ខាងវិស័យសាងសង់នាវាចម្បាំង, អភិវឌ្ឍមីស៊ីលបាលីស្ទីគ (អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ) និងមីស៊ីលបាញ់ចេញពីនាវាចម្បាំង រួមទាំងប្រព័ន្ធមីស៊ីលការពារដែនអាកាសជាដើម។
របាយការណ៍ដដែលបានគូសបញ្ជាក់ទៀតថា «ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ចិនអាចនឹងបង្កើនចំនួន ក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ទ្វេដង បន្ថែមពីលើក្បាលគ្រាប់នុយក្លេអ៊ែរ ដែលមានស្រាប់ជាង ២៦០គ្រាប់។ មិនតែប៉ុណ្ណោះ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន សម្រាប់បំពាក់លើមីស៊ីលបាលីស្ទីគអន្តរទី្វប ដែលមានសមត្ថភាព បាញ់ដល់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ២០០គ្រាប់នៅរយៈពេល ០៥ឆ្នាំខាងមុខ។
យ៉ាងណាក៏ដោយ ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន នៅតែមានចំនួនតិចជាងសហរដ្ឋអាមេរិក ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបជាង ៣,៨០០គ្រាប់។ ក៏ប៉ុន្តែរបាយការណ៍មន្ទីរបញ្ចកោណ នៅតែបង្ហាញក្ដីព្រួយបារម្ភ ប្រឈមមុខនឹងការកើនឡើង នៃសមត្ថភាពយោធាចិន ដែលមានវិស័យខ្លះចិនបានវ៉ាដាច់ យោធាអាមេរិកទៅហើយ។ ជាក់ស្ដែង គិតត្រឹមដើមឆ្នាំ២០២០នេះ ចិនមានកងទ័ពជើងទឹកធំជាងគេបំផុត នៅលើពិភពលោក ដោយមាននាវាចម្បាំងរួមទាំងនាវាមុជទឹក ៣៥០គ្រឿង បើធៀបទៅនឹងសហរដ្ឋអាមេរិកដែលមានតែ ២៩៣គ្រឿង។
គួរបញ្ជាក់ថា ការចេញផ្សាយរបាយការណ៍ខាងលើរបស់មន្ទីរបញ្ចកោណ កើតមានឡើងនៅចំពេលសហរដ្ឋអាមេរិក និងចិន កំពុងមានភាពតានតឹងគ្នាលើបញ្ហាច្រើន ក្នុងនោះរួមមានសកម្មភាពយោធានៃប្រទេសទាំង ២ នៅតំបន់សមុទ្រចិនខាងត្បូង និងការគាំទ្រពីទីក្រុងវ៉ាស៊ីនតោនដល់កោះតៃវ៉ាន់។ បន្ថែមពីលើនេះ បើតាមរបាយការណ៍នេះ ចិនក៏កំពុងពិចារណាផងដែរ លើទីតាំងមួយចំនួនសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនង នៅក្នុងប្រទេសមីយ៉ាន់ម៉ា, ថៃ, សិង្ហបុរី, ឥណ្ឌូណេស៊ី, ប៉ាគីស្ថាន, ស្រីលង្កា, អេមីរ៉ាត់អារ៉ាប់រួម, កេនយ៉ា, សេយឈែស៍ (Seychelles), តង់ហ្សានី, អង់ហ្គោឡា និងតាជីគីស្ថានជាដើម៕