(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានសម្រេច ផ្អាករាល់ជើងហោះហើររបស់ខ្លួនហើយ ខណៈព្យុះទីហ្វុងមួយដែលត្រូវបានចាត់ទុកថា ខ្លាំងក្លាបំផុតប្រចាំឆ្នាំ២០២០ កំពុងសំដៅមកវាយប្រហារឧបទ្វីបកូរ៉េទាំងមូល នៅក្នុងថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០ នេះតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ព្យុះទីហ្វុងម៉ៃសាក់ (Maysak) ដែលយកឈ្មោះតាមដើមឈើមួយប្រភេទ នៅប្រទេសកម្ពុជា ទើបតែបានវាយប្រហារខេត្តអូគីណាវ៉ា នៃប្រទេសជប៉ុន កាលពីដើមសប្តាហ៍នេះ ហើយពេលនេះវាកំពុងរំកិលក្នុងល្បឿន ១៦១គីឡូម៉ែត្រក្នុងមួយម៉ោង សំដៅទៅបោកបក់លើប្រទេសកូរ៉េទាំងពីរ ចាប់ពីយប់ថ្ងៃពុធនេះ រហូតដល់ថ្ងៃព្រហស្បតិ៍ស្អែក។ តំបន់ដែលប្រឈមមុខ ការវាយប្រហារនៃព្យុះនេះខ្លាំងជាងគេ គឺទីក្រុងកំពង់ផែប៊ូសាន (Busan) របស់កូរ៉េខាងត្បូង និងទីក្រុងឧស្សាហកម្មឆុងជីន (Chongjin) របស់ប្រទេសកូរ៉េខាងជើង។
ស្ថិតនៅចំពោះមុខគ្រោះអាសន្ន ដែលជិតនឹងមកដល់នេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក ជុង សេគ្យុន (Chung Sye-kyun) បានអះអាងថា «យើងពិតជាព្រួយបារម្ភខ្លាំង។ ព្យុះនេះត្រូវបានគណនាថា មានឥទ្ធិពលអាក្រក់ដូចទៅនឹងព្យុះទីហ្វុង មែមី (Maemi) កាលពីឆ្នាំ២០០៣ ដែលបានផ្តាច់ជីវិតប្រជាជនកូរ៉េខាងត្បូង ១៣១នាក់ និងបង្កការខាត់បង់ ដល់សេដ្ឋកិច្ចសរុប ៣ពាន់លានដុល្លារអាមេរិក»។
ដោយឡែកនៅកូរ៉េខាងជើងវិញ សារព័ត៌មានរដ្ឋ KCNA របស់ប្រទេសនេះ បានចេញផ្សាយអំពីឥទ្ធិពលដ៏អាក្រក់ នៃព្យុះទីហ្វុងម៉ៃសាក់ផងដែរ និងបានអះអាងថា ខ្លួនកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយការខូចខាត តាមដែលអាចធ្វើទៅរួច។ ម៉ៃសាក់គឺជាព្យុះទីហ្វុងទី ២ នៅក្នុងរយៈពេលមួយសប្តាហ៍មកនេះ ដែលបានបោកបក់លើឧបទ្វីបកូរ៉េ៕