(តៃវ៉ាន់)៖ កោះតៃវ៉ាន់នាថ្ងៃពុធនេះ បានប្រកាសពីគម្រោងផ្លាស់ប្តូរ ការរចនានៃលិខិតឆ្លងដែនរបស់ខ្លួន ដែលនឹងផ្តោតសំខាន់ខ្លាំងជាងមុន ទៅលើឈ្មោះរបស់ដែនកោះនេះផ្ទាល់ ដើម្បីបញ្ចៀសការភ័ន្តច្រឡំជាមួយប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០។
កន្លងមកតៃវ៉ាន់ធ្លាប់បានអះអាងថា កំឡុងការផ្ទុះឡើងដំបូងៗនៃជំងឺ COVID-19 ប្រជាជនខ្លួនបានជួបប្រទះបញ្ហាលំបាក ក្នុងការចូលទៅកាន់ប្រទេសដទៃ ដោយសារតែនៅលើលិខិតឆ្លងដែនតៃវ៉ាន់ មានពាក្យអង់គ្លេសថា «Republic of China ឬសាធារណរដ្ឋចិន» ដែលជាឈ្មោះផ្លូវការ ស្រដៀងគ្នាជាមួយប្រទេសចិន ហើយនិងមានឈ្មោះ «Taiwan (តៃវ៉ាន់)» នៅខាងក្រោម។
គំរូលិខិតឆ្លងដែនថ្មីរបស់តៃវ៉ាន់ដែលត្រូវគេរំពឹងថា នឹងចាប់ផ្តើមធ្វើការចរាចរណ៍នៅខែមករា ឆ្នាំ២០២១ បានលុបពាក្យអង់គ្លេស «Republic of China» ចេញ ប៉ុន្តែនៅបន្តទុកពាក្យនេះជាភាសាចិន ហើយពង្រីកឈ្មោះ «Taiwan» ដែលជាភាសាអង់គ្លេសឲ្យធំតែម្តង។ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់លោក ចូសិប វូ (Joseph Wu) បាននិយាយថា លិខិតឆ្លងដែនថ្មីរបស់តៃវ៉ាន់ គឺត្រូវការជាចាំបាច់ ដើម្បីកុំឲ្យមានការយល់ច្រឡំ ចំពោះពលរដ្ឋតៃវ៉ាន់ថា ជាពលរដ្ឋចិននោះ។
គួរជម្រាបថា រដ្ឋាភិបាលតៃវ៉ាន់ក៏កំពុងពិចារណាផ្លាស់ប្តូរឈ្មោះ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់តៃវ៉ាន់ ដែលមានឈ្មោះថា «China Airlines» ផងដែរ។ យ៉ាងណាក្តី សម្រាប់ប្រទេសចិន កោះតៃវ៉ាន់ត្រូវបានចាត់ទុកគ្រាន់តែជាខេត្តមួយប៉ុណ្ណោះ របស់មហាយក្សអាស៉ីមួយនេះប៉ុណ្ណោះ ហើយបច្ចុប្បន្នចំនួនប្រទេស ដែលនៅមានទំនាក់ការទូតជាមួយកោះនេះ គឺនៅសល់តែ ១៥ប្រទេសប៉ុណ្ណោះ៕