(បាងកក)៖ ថ្មីៗនេះព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន បានសម្រេចព្រះទ័យប្រទានមុខតំណែង និងឋានៈសាជាថ្មីដល់អ្នកម្នាង សៃនីណាត វង្សវិជ្ជរ៉ាផេកឌី (Sineenat Wongvajirapakdi) ក្រោយពីបានធ្វើការដកហូត កាលពីជិតមួយឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០។
សេចក្តីប្រកាសរបស់ព្រះរាជវាំងថៃ បានបញ្ជាក់យ៉ាងដូច្នេះថា «កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ អ្នកនាង Sineenat Wongvajirapakdi ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យមកកាន់ជាតំណែងជាអ្នកម្នាងឡើងវិញ រួមជាមួយឋានៈដទៃៗទៀតនៅក្នុងព្រះរាជវាំង និងនៅក្នុងជួរយោធា ហើយទទួលបានមេដាយកិត្តិយស គ្រប់ជាន់ថ្នាក់ទាំងអស់សាជាថ្មី»។
គួរជម្រាបថា កាលពីថ្ងៃតុលា ឆ្នាំ២០១៩ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន បានដកហូតតំណែង ឋានៈ និងមេដាយកិត្តិយសទាំងអស់ពីអ្នកម្នាង Sineenat ពុំដល់៣ខែឡើយបន្ទាប់ព្រះអង្គ បានផ្តល់តំណែងជាអ្នកម្ខាងនេះ។ បើតាមសេចក្តីប្រកាសរបស់ព្រះរាជវាំងនាពេលនោះ ការទម្លាក់ទ្រង់ចេញពីតំណែង ក៏ព្រោះតែអ្នកម្នាងមិនមានការគោរពចំពោះអង្គព្រះមហាក្សត្រ ក៏ដូចជាចំពោះព្រះអគ្គមហេសី សុធីតា (Suthida) ព្រមទាំងមិនស្កប់ស្កល់ចំពោះឋានៈខ្លួនឯង ដោយចង់តម្កើងខ្លួន ឲ្យស្មើនឹងព្រះអគ្គមហេសី៕