(បាកដាដ)៖ ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នៅថ្ងៃពុធនេះបានទៅដល់រដ្ឋធានីបាកដាដ នៃប្រទេសអ៉ីរ៉ាក់ហើយ ដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលៗអ៊ីរ៉ាក់ ជុំវិញទំនាក់ទំនងទ្វេភាគី ដើម្បីបង្ហាញសាមគ្គីភាពគ្នាជាមួយប្រទេស ដែលបានរងភាពខ្ទេចខ្ទាំដោយសង្គ្រាមមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃទីពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០។
តាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុករបស់អ៉ីរ៉ាក់បានឲ្យដឹងថា លោក Macron ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីអ៉ីរ៉ាក់ លោក បាហាន សាលីហ៍ (Barham Salih) និងនាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ លោក មូស្តាហ្វា អាល់ខាឌីមី (Mustafa al-Kadhimi) ក៏ដូចជាមន្ត្រីជាន់ខ្ពស់ដទៃទៀត នៅក្នុងដំណើរទស្សនកិច្ច រយៈពេលមួយថ្ងៃរបស់លោក។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការ លើកដំបូងបំផុតរបស់លោក Macron ទៅកាន់ប្រទេសអ៉ីរ៉ាក់។ លោកក៏ជាប្រធានាធិបតីដំបូងគេ ដែលបានធ្វើទស្សនកិច្ច ទៅកាន់ប្រទេសអ៉ីរ៉ាក់ផងដែរ គិតចាប់តាំងពីលោក al-Kadhimi បានចូលកាន់តំណែងជានាយករដ្ឋមន្រ្តីអ៉ីរ៉ាក់ កាលពីខែឧសភាកន្លងទៅនេះ។
គួរបញ្ជាក់ថា ប្រទេសបារាំងគឺជាស្ថិតក្នុងចំណោមក្រុមចម្រុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិក ដែលមានភារកិច្ចជួយដល់កងកម្លាំងសន្តិសុខអ៉ីរ៉ាក់ ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ISIS តាមរយៈការធ្វើប្រតិបត្តិការ វាយប្រហារតាមអាកាសប្រឆាំងនឹងទីតាំងរបស់ ISIS នៅក្នុងប្រទេសអ៊ីរ៉ាក់ផ្ទាល់ និងនៅស៊ីរី ក៏ដូចជាការផ្តល់គ្រឿង បរិក្ខាយោធា និងការបណ្តុះបណ្តាលជំនាញ ដល់កងកម្លាំងអ៉ីរ៉ាក់ផងដែរ៕