(ប៉ារីស)៖ ប្រទេសបារាំងថ្កោលទោសការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីសំណាក់សហរដ្ឋអាមេរិក ប្រឆាំងនឹងរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោកស្រី ហ្វាតូ បិនសួដា (Fatou Bensouda) និងមន្ត្រីជាន់ខ្ពស់ម្នាក់ នៃការិយាល័យរបស់លោកស្រី។ នេះបើតាមរដ្ឋមន្ត្រីការបរទេសបារាំង ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងទីក្រុងប៉ារីស) រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ង់ (Jean-Yves Le Drian) បានគូសបញ្ជាក់ដូច្នេះថា «វិធានការ (របស់សហរដ្ឋអាមេរិក) ដែលបានប្រកាសកាលពីថ្ងៃទី០២ ខែកញ្ញា គឺជាការវាយប្រហារធ្ងន់ធ្ងរលើតុលាការ និងបណ្ដាប្រទេសជាហត្ថលេខី នៃអនុសញ្ញាទីក្រុងរ៉ូម ព្រមទាំងប្រឆាំងនឹងប្រព័ន្ធពហុភាគីនិយម រួមទាំងឯករាជ្យភាពនៃតុលាការ»។ តែទន្ទឹមគ្នាលោក ឡឺ ទ្រីយ៉ង់ ក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិក លុបចោលការសម្រេចចិត្តនេះដែរ។
គួរជម្រាបថា កាលពីថ្ងៃពុធសប្ដាហ៍នេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើរដ្ឋអាជ្ញា ICC លោកស្រី Fatou Bensouda និងមន្ត្រីជាន់ខ្ពស់ម្នាក់នៃការិយាល័យ បស់លោកស្រី សម្រាប់ការបន្តស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាម ដែលត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងយោធាអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ទណ្ឌកម្មនេះរួមមាន ការបង្កទ្រព្យសម្បត្តិដែលពួកគេមាន នៅក្នុងសហរដ្ឋអាមេរិក ឬស្ថិតនៅក្រោមដែនសមត្ថកិច្ចនៃច្បាប់អាមេរិក៕