(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យលោក ចូន បៃដិន (Joe Biden) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានជួបសំណេះសំណាលជាមួយក្រុមគ្រួសាររបស់លោក ហ្សាខូប ប្លេក (Jacob Blake) ជនជាតិអាហ្រ្វិក-អាមេរិក ដែលត្រូវបានប៉ូលិសបាញ់ចំនួន ០៧គ្រាប់ពីក្រោយខ្នង នៅទីក្រុងខេណូហ្សា (Kenosha) ភាគកណ្តាលនៃរដ្ឋ វីសខុនស៊ីន (Wisconsin) សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។
លោក Biden បានទៅដល់ទីនោះ ពីរថ្ងៃបន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយទាក់ទងទៅនឹង «ច្បាប់ និងសណ្តាប់ធ្នាប់» នៅក្នុងដំណើរទស្សនកិច្ចរបស់លោក បន្ទាប់ពីមានចលាចលដ៏ហិង្សា អស់រយៈពេលមួយសប្តាហ៍ក្រោយឧប្បត្តិហេតុនេះ។
សារព័ត៌មាន The Hill បានចេញផ្សាយថា នៅពេលមកដល់ទីក្រុង Kenosha លោក Biden និងភរិយារបស់លោកគឺ លោកស្រី Jill Biden បានជួបជាមួយមកមួយឪពុក, បងប្រុស បងប្អូនស្រីពីរនាក់ និងក្រុមមេធាវីការពារក្តីឲ្យលោក Blake នៅក្នុងអាគារឯកជនមួយ។ ទន្ទឹងគ្នានេះលោក Blake និងម្តាយរបស់គាត់ ក៏បាននិយាយជាមួយលោក Biden តាមទូរសព្ទប្រហែល ១៥នាទីពីមន្ទីរពេទ្យផងដែរ។ លោក Blake ជិតជាសះស្បើយវិញហើយ ប៉ុន្តែលោកត្រូវពិការផ្នែកខ្លះ។
គួរជម្រាបថា លោក Biden ក៏បាននិយាយទៅកាន់ក្រុមសកម្មជន និងអ្នកដឹកនាំអាជីវកម្ម ប្រហែលជា ២០នាក់យ៉ាងដូច្នេះថា «លោក Blake បាននិយាយថា គ្មានអ្វីអាចហាមឃាត់លោកបាននោះទេ បើទោះជាលោកអាចដើរបានម្តងទៀតវិញ ឬមិនអាចក៏ដោយ លោកមិនព្រមចុះចាញ់ជាដាច់ខាត»៕