(ញូដេលី)៖ ឥណ្ឌានៅថ្ងៃសៅរ៍នេះ បាននិយាយថា ខ្លួនបានឯកភាពគ្នាជាមួយចិន ដើម្បីបន្តឆ្តោះទៅកាត់បន្ថយភាពតានតឹង នៅតាមតំបន់ព្រំដែនជម្លោះរវាងភាគីទាំងពីរ បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិប្រទេសទាំងពីរទើបជួបពិភាក្សាគ្នា។ នេះបើយោងតាមការចេញផ្សាយដោយ សារពត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០។
បើតាមសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិឥណ្ឌា បានគូសបញ្ជាក់ថា ប្រទេសទាំងពីរបានឯកភាពគ្នាយ៉ាងដូច្នេះថា «ភាគីទាំងសងខាងមិនគួរធ្វើសកម្មភាពអ្វីបន្ថែមទៀត ដែលអាចបង្កភាពស្មុគស្មាញដល់ស្ថានការណ៍បច្ចុប្បន្ន ឬក៏បង្កើនបញ្ហានៅតាមតំបន់ព្រំដែនឡើយ»។
គួររំលឹកថា កំឡុងប៉ុន្មានខែចុងក្រោយនេះ ឥណ្ឌានិងចិនបានចោទទៅវិញទៅមក អំពីសកម្មភាពឆ្លងព្រំដែនបំពានគ្នា។ កាលពីខែមិថុនា កងទ័ពភាគីបានប៉ះទង្គិចគ្នាមួយប្រាវ ដែលបណ្ដាលឲ្យទាហានឥណ្ឌាយ៉ាងហោចណាស់ ២០នាក់បានស្លាប់ បើតាមការអះអាងពីយោធា ឥណ្ឌា ខណៈភាគីចិន ក៏បានអះអាងថា ខ្លួនមានទាហានស្លាប់និងរងរបួសផងដែរ ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនឡើយ។ ចាប់តាំងពីនោះមក ឥណ្ឌានិងចិនក៏បានព្យាយាមជួបចរចាគ្នា ដើម្បីបន្ធូរស្ថានការណ៍៕