(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថាទូកជាច្រើនគ្រឿងបានលិច ចូលបឹងមួយកន្លែង ក្នុងរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក កំឡុងក្បួនដង្ហែរមួយ ដើម្បី បង្ហាញការគាំទ្រដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងចូលមកដល់នៅថ្ងៃទី០៣ ខែវិច្ឆិកា ខាងមុខនេះ។ នេះ បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។
បើតាមក្រុមមន្ត្រីអាមេរិក រលកបក់ខ្លាំងអាចជាមូលហេតុដែលធ្វើទូកជាច្រើនគ្រឿងខាងលើក្រឡប់លិចចូលក្នុងបឹង Travis ស្ថិតនៅក្បែរទីក្រុង Austin នៃរដ្ឋតិចសាស់ នៅម៉ោង១២៖០០នាទីថ្ងៃត្រង់ កាលពីថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់់)។ ក៏ប៉ុន្តែ នៅក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរបួសនោះទេ ហើយមនុស្សជាច្រើននាក់ត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា ខណៈ ការស៊ើបអង្កេតមួយកំពុងធ្វើឡើង។
ក្បួនដង្ហែរនេះ ធ្វើឡើងនៅបឹង Travis ឬមានឈ្មោះថា Travis Trump Boat Parade ត្រូវបានប្រកាសនៅលើ Facebook ហើយមានមនុស្សច្រើនជាង ២,៦០០នាក់ ចូលរួម ដើម្បីបង្ហាញការគាំទ្រដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងចូលមកដល់នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។