(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធថ្កោលទោសរុស្ស៊ី ជុំវិញការបំពុលមេដឹកនាំគណបក្សប្រឆាំង លោក អាឡិចហ្សៃ ណាវ៉ាល់នី (Alexei Navalny) ហើយថែមទាំងបង្វែរសំនួរដោយចោទត្រង់ៗ តែម្ដងថាចិនគំរាមកំហែងដល់ពិភពលោកធំជាងរុស្ស៊ីទៅទៀត។ នេះបើតាមការដក ស្រង់ផ្សាយពីសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រ (ម៉ោងនៅវ៉ាស៊ីនតោន) ខណៈលោកកំពុងទទួលរងការរិះគន់ ចំពោះការរក្សាភាពស្ងៀមស្ងាត់ ជុំវិញករណីបំពុលលោក ណាវ៉ាល់នី។ យ៉ាងណាក៏ដោយ ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន លោក ត្រាំ បានសង្កត់ធ្ងន់ថាលោក ត្រូវការភស្ដុតាងជាមុនសិន។ ប្រធានាធិបតីអាមេរិករូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ជាការពិតណាស់, ខ្ញុំមិនដឹងឱ្យប្រាកដថាមានរឿងអ្វីបានកើតឡើងឡើយ។ ខ្ញុំគិតថាវាគឺជារឿងគួរឱ្យរន្ធត់ ដែលមិនគួរកើតឡើង...យើងមិនទាន់មានភស្ដុតាងនៅឡើយទេ តែខ្ញុំកំពុងតាមដានរឿងនេះយ៉ាងយកចិត្តទុកដាក់»។
ដោយឡែក នៅពេលត្រូវបានអ្នកសារព័ត៌មានពីគោលជំហររបស់លោកចំពោះលោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លោក ត្រាំ បែរជានិយាយថា ចិនគឺជាការគំរាមកំហែងដ៏ធំដល់ពិភពលោកទៅវិញ។ លោក ត្រាំ បន្ថែមដូច្នេះថា៖ «ខ្ញុំមិនប្រកាន់ទេដែលអ្នកទាំងអស់គ្នា តែងតែនិយាយពីរុស្ស៊ី ក៏ប៉ុន្តែខ្ញុំគិតថា បច្ចុប្បន្ន ចិនទៅវិញទេ ដែលគំរាមកំហែងធំបំផុតដល់ពិភពលោក ដែលអ្នកទាំងអស់គួរតែនិយាយឱ្យបានច្រើន»។
គួរជម្រាបថា បើតាមរដ្ឋាភិបាលអាល្លឺម៉ង់ មេដឹកនាំគណបក្សប្រឆាំង លោក អាឡិចហ្សៃ ណាវ៉ាល់នី ត្រូវបានគេប៉ុនប៉ងបំពុលសម្លាប់ ដោយប្រើសារធាតុគីមីពុល ណូវីឈុក (Novichok)។ ទាំងរដ្ឋាភិបាលអាល្លឺម៉ង់, អង់គ្លេស និងបណ្ដាប្រទេសជាសមាជិកអង្គការ NATO មួយចំនួនធំបានទាមទារឱ្យរុស្ស៊ី បកស្រាយឱ្យ បានច្បាស់ បើទោះជាទីក្រុងម៉ូស្គូ បដិសេធជាច្រើនលើកថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការបំពុលលោក ណាវ៉ាល់នី ក៏ដោយ។ បច្ចុប្បន្ន លោក ណាវ៉ាល់នី កំពុងសម្រាកព្យាបាល ក្រោមស្ថានភាពនឹងនរ ក្នុងមន្ទីរពេទ្យទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់៕