(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាជាន់ខ្ពស់របស់សេតវិមាន លោក ហ្សារ៉េដ ឃូស្នឺ (Jared Kushner) បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសអារ៉ាប៊ីសាអូឌីត និងបារ៉ែន បានបើកដែន អាកាសរបស់ខ្លួនឡើងវិញ ដើម្បីប្ដូរជើងហោះហើរទៅមកពីប្រទេសអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងសន្និសីទសារព័ត៌មានតាមរយៈទូរស័ព្ទ លោក Kushner បានបញ្ជាក់ដូច្នេះថា «ពួកគេ (អារ៉ាប៊ីសាអូឌីត និងបារ៉ែន) បានយល់ព្រមបើកដែនអាកាសរបស់ពួកគេឡើងវិញ មិនត្រឹមតែហោះហើរទៅមករវាងប្រទេសអ៉ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម ប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបើកការហោះហើរឆ្ពោះទៅកាន់ទិសខាងកើតផងដែរ»។ អ៉ីស្រាអែល និងអេមីរ៉ាតអារ៉ាប់រួម ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខានៅសប្តាហ៍ក្រោយនេះ នៅឯទីក្រុងវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក លើកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលរួមបញ្ចូល ទាំងកិច្ចព្រមព្រៀងចាប់ផ្តើមដំណើរការផ្លូវអាកាស ដោយផ្ទាល់រវាងប្រទេសទាំងពីរទៀតផង។
ជើងហោះហើរលើកដំបូងនេះ ក៏បានដឹកគណៈប្រតិភូអ៉ីស្រាអែល និងអាមេរិកពីទីក្រុងតែល អាវីវ (Tel Aviv) នៃប្រទេសអ៉ីស្រាអែល ទៅកាន់រដ្ឋធានី អាប៊ូ ដាប៊ី នៃប្រទេស អេមីរ៉ាតអារ៉ាប់រួម ដោយឆ្លងកាត់ប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។
គួរបញ្ជាក់ថា លោក Kushner បានពន្យល់ថា ការសម្រេចចិត្តរបស់អារ៉ាប់ប៊ីសាអូឌីត និងបារ៉ែននឹងបង្កើនទំនាក់ទំនងរវាងតំបន់ផ្សេងៗ ព្រោះវាបានកាត់បន្ថយពេលវេលា ច្រើនក្នុងធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប និងអាស៊ីដោយឆ្លងកាត់ប្រទេសអ៉ីស្រាអែល៕