(ហ្ស៊កដានី)៖ ការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើង នៅក្នុងមូលដ្ឋានយោធាមួយកន្លែង នៃទីក្រុងហ្សាកា (Zarqa) ប្រទេសហ្ស៊កដានី ដែលក្រោយមកបន្តិចមានការអះអាងថា ជាការផ្ទុះឆេះឃ្លាំងស្ដុកគ្រាប់បែក។ នេះបើតាមប្រភពពីអាជ្ញាធរហ្ស៊កដានី ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។
បើតាមអាជ្ញាធរហ្ស៊កដានី ឃ្លាំងស្ដុកគ្រាប់បែកខាងលើបានផ្ទុះឆេះ ដោយសារការឆ្លងចរន្តអគ្គិសនី។ ប៉ុន្តែទន្ទឹមគ្នានេះ ការស៊ើបអង្កេតមួយក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីកំណត់ពីមូលហេតុពិតប្រាកដ និងរកអ្នកទទួលខុសត្រូវ។ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនៅឡើយទេ ខណៈឃ្លាំងស្ដុកគ្រាប់បែកនេះ ស្ថិតនៅឆ្ងាយពីទីក្រុងប្រជុំជន។
គួរបញ្ជាក់ថា តំបន់ដែលហេតុការណ៍ផ្ទុះ គឺសម្បូរទៅដោយមូលដ្ឋានទ័ពជាច្រើន ស្ថិតនៅភាគខាងកើតទីក្រុង Zarqa ក្បែររដ្ឋធានីអាំម៉ាន់ (Amman) នៃប្រទេសហ្សកដានី៕