(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) នៅថ្ងៃសុក្រនេះបានបំពេញទស្សនកិច្ចទៅកាន់មូលដ្ឋាន នៃប្រព័ន្ធមីស៊ីលការពារដែនអាកាសមួយ ជាទីដែលលោកស្រីបានជំរុញឱ្យកងទ័ព មានការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការការពារប្រជាធិបតេយ្យ និងអធិបតេយ្យភាពជាតិ ខណៈចិនកាន់តែបង្កើនការធ្វើសកម្មភាពយោធា នៅជុំវិញកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។
ដំណើរទស្សនកិច្ចខាងលើរបស់លោកស្រី Tsai កើតមានឡើងចំពេលចិន បាននិងកំពុងបង្កើនសកម្មភាពយោធា តាមរយៈការធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅជុំវិញកោះតៃវ៉ាន់ដោយបានចោទថា យន្ដហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះចូលក្នុងដែនអាកាសរបស់ខ្លួន ក្នុងរយៈពេលពីរថ្ងៃជាប់គ្នាមកនេះ។
លោកស្រីប្រធានាធិបតីតៃវ៉ាន់ បានលើកឡើងនៅចំពោះមុខកងទ័ពយ៉ាងដូច្នេះថា «ខ្ញុំសូមជំរុញ និងលើកទឹកចិត្តឱ្យកងទ័ពទាំងអស់ ត្រូវការពារប្រជាធិបតេយ្យ និងសេរីភាព ហើយមិនត្រូវបោះបង់ចោលអធិបតេយ្យភាពជាតិជាដាច់ខាត សូម្បីតែមួយមីលីម៉ែត្រ... នេះគឺជាគោលជំហរ និងការប្ដេជ្ញាចិត្តរបស់យើងក្នុងការការពារផ្ទះ និងដែនដីរបស់យើង»។
គួរជម្រាបថា ចិនមិនទាន់ឆ្លើយតបទៅនឹងការតវ៉ា ពីសំណាក់កោះតៃវ៉ាន់នៅឡើយទេ ជុំវិញការធ្វើសមយុទ្ធយោធារបស់ខ្លួន ដែលកំពុងធ្វើឡើងនៅចន្លោះកោះតៃវ៉ាន់ និងកោះ ប្រាតាស (Pratas) ដែលស្ថិតនៅភាគខាងជើង នៃដែនសមុទ្រចិនខាងត្បូង៕