(តូក្យូ)៖ មុនពេលប្រកាសលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រី កាលពីខែសីហាកន្លងទៅ លោក អាបេ ស៊ីនហ្សូ មានផែនការមួយចង់ឱ្យយោធាជប៉ុន មានសមត្ថភាពវាយប្រហារគោលដៅលើដីគោកនៅក្នុងប្រទេសចិន និងផ្នែកខ្លះនៃតំបន់អាស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។

គំនិតចង់ពង្រឹងសមត្ថភាព និងផ្លាស់ប្ដូរគោលនយោបាយយោធារបស់លោក អាបេ បានកើតមានឡើងនៅក្នុងបរិបទដែលចិនកាន់តែមានឥទ្ធិពលធំឡើងនៅក្នុងតំបន់។ ក៏ប៉ុន្តែបច្ចុប្បន្ន កងកម្លាំងស្វ័យការពារជប៉ុន (SDF) មានសមត្ថភាពត្រឹមតែប្រយុទ្ធប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាស និងផ្លូវសមុទ្រតែប៉ុណ្ណោះ។ ដូច្នេះហើយ ទើបលោក អាបេ ចង់ផ្លាស់ប្ដូរគោលនយោបាយយោធា តាមរយៈការពង្រឹងសមត្ថភាពវាយប្រហារគោលដៅលើដីគោក ដែលនឹងតម្រូវឱ្យជប៉ុន ទិញប្រព័ន្ធមីស៊ីលរយៈចំងាយឆ្ងាយ។

ការពង្រឹងសមត្ថភាពយោធាជប៉ុន គឺជាបំណងប្រាថ្នាមួយរបស់លោក អាបេ ដើម្បីទប់ទល់ជាមួយចិន ដែលកាន់តែមានឥទ្ធិពលធំឡើងនៅក្នុងតំបន់ ជាពិសេសគឺនៅឯតំបន់ជម្លោះដែនទឹកជាមួយជប៉ុន ក្នុងតំបន់សមុទ្រចិនខាងកើតតែម្ដង។ បន្ថែមពីលើនេះ នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីនេះ លោក Sato Masahisa ជាសមាជិកសភាម្នាក់មកពីគណបក្សកាន់អំណាចរបស់លោកអាបេ គឺគណបក្សប្រជាធិបតេយ្យសេរី (LDP) ក៏បានគំាទ្រគំនិតពង្រឹងសមត្ថភាពយោធានេះដែរ។

លោក Sato បានគូសបញ្ជាក់ដូច្នេះថា៖ «ហេតុផលដ៏ចម្បងសម្រាប់សកម្មភាពរបស់យើង នោះគឺចិន។ ជាការពិតណាស់ យើងមិនបានផ្ដោតសំខាន់ពេកនោះទេ ប៉ុន្តែយើងត្រូវរើសជម្រើសសន្តិសុខដោយសារតែចិន»

គួរបញ្ជាក់ថា ដើម្បីពន្លឿនសំណើនៃផែនការរបស់លោក អាបេ រដ្ឋាភិបាលជប៉ុនថ្មីចាំបាច់ត្រូវត្រួតពិនិត្យឡើងវិញទាំងស្រុង លើយុទ្ធសាស្ត្រការពារជាតិ និងផែនការទិញបរិក្ខាយោធាក្នុងរយៈពេលមធ្យម ឱ្យបានមុនចុងខែធ្នូ ពោលគឺមុននឹងក្រសួងការពារជាតិ ដាក់សំណើកញ្ចប់ថវិកាយោធាប្រចាំឆ្នាំទៅកាន់សភាជប៉ុន។ លោក Suga Yoshihide ដែលជាមនុស្សជំនិតម្នាក់របស់លោក អាបេ ត្រូវបានគេរំពឹងថាអាចនឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុនថ្មី ហើយក៏អាចនឹងបន្តដើរតាមគោលនយោបាយរបស់លោក អាបេ ផងដែរ៕