(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃសុក្រនេះបាននិយាយថា ទីក្រុងប៉េកាំងនឹងដាក់ចេញនូវវិធានការរឹតត្បិត ចំពោះមន្ត្រីការទូតអាមេរិកទាំងអស់ នៅលើទឹកដីចិន ដើម្បីជាការឆ្លើយតបចំពោះវិធានការរឹតត្បិតថ្មី របស់ទីក្រុងវ៉ាស៊ីនតោន មកលើសកម្មភាពមន្ត្រីទូតរបស់ខ្លួននៅសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃសុក្រនេះ ក្រសួងការបរទេសចិន បានគូសបញ្ជាក់ថា វិធានការឆ្លើយតបដែលមិនបានបញ្ជាក់ច្បាស់នេះ នឹងត្រូវអនុវត្តចំពោះបុគ្គលិកស្ថានទូត និងស្ថានកុងស៊ុលអាមេរិកទាំងអស់ ព្រមទាំងអគ្គកុងស៊ុលអាមេរិកប្រចាំនៅហុងកុងផងដែរ។
នៅក្នុងសេចក្តីថ្លែងការដដែល បានសង្កត់ធ្ងន់ទៀតថា«ដើម្បីជំរុញឲ្យសហរដ្ឋអាមេរិកលុបចោលនូវ សេចក្តីសម្រេចចិត្តខុសរបស់ខ្លួន ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ភាគីចិនបានផ្ញើកំណត់ទូតមួយដែលប្រកាសពីការរឹតត្បិតទៅវិញទៅមក លើស្ថានទូតនិងស្ថានកុងស៊ុលអាមេរិក»។
គួរជម្រាបថា កាលពីថ្ងៃទី០៣ ខែកញ្ញាកន្លងទៅនេះ សហរដ្ឋអាមេរិកបានប្រកាសពីវិធានការរឹតត្បិតថ្មីមួយ ចំពោះមន្ត្រីការទូតចិននៅលើទឹកសហរដ្ឋអាមេរិក។ វិធានការថ្មីនោះ បានតម្រូវឲ្យមន្ត្រីទូតជាន់ខ្ពស់ចិន ស្នើសុំការអនុញ្ញាតពីក្រសួងការបរទេសអាមេរិក ជាមុនសិន មុននឹងចង់បំពេញទស្សនកិច្ច ទៅកាន់សាកលវិទ្យាល័យអាមេរិកនានា ឬក៏រៀបចំព្រឹត្តិការណ៍វប្បធម៌ ដែលមានមនុស្សច្រើនជាង ៥០នាក់ចូលរួម។ ចំពោះការសម្រេចចិត្តនេះ ចិនបានចាត់ទុកថា ជាទង្វើដ៏អយុត្តិធម៌ និងអំពាវនាវឲ្យអាមេរិក លុបចេញវិញជាបន្ទាន់ បើពុំនោះទេ ខ្លួននឹងចាត់វិធានការឆ្លើយតបវិញ៕