(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសថា ខ្លួនកំពុងស្វែងរកក្រុមហ៊ុនឯកជន ដែលអាចធ្វើដំណើរទៅឋានព្រះច័ន្ទ ដើម្បីប្រមូលយករ៉ែមួយចំនួនតាមរយៈកម្ទេចធូលី និងថ្មនៅផ្ទៃស្រទាប់លើរបស់ឋានព្រះច័ន្ទ ហើយនាំវាយកមកផែនដីវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។
អង្គការ NASA នឹងទិញយកគំរូរបស់ឋានព្រះច័ន្ទក្នុងបរិមាណពី ៥០-៥០០ក្រាមក្នុងតម្លៃចន្លោះពី ១៥,០០០ - ២៥,០០០ដុល្លារអាមេរិក។ លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine) ប្រធានរដ្ឋបាលនៃអង្គការ NASA បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការប្រមូលសារធាតុរ៉ែនៅលើឋានព្រះច័ន្ទ នឹងក្លាយជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍបច្ចេកវិទ្យា ដែលអាចជួយអវកាសយានិកសម្រាប់បេសកកម្មអវកាស នាពេលអនាគតទៅកាន់ឋានព្រះច័ន្ទ ឬកន្លែងផ្សេងៗទៀតក្រៅពីភពផែនដី។
លោក Bridenstine បានសង្កត់ធ្ងន់ថា វាដល់ពេលហើយដែលយើងត្រូវបង្កើតភាពច្បាស់លាស់ នៃបទប្បញ្ញត្តិស្តីពីការទាញយក និងការធ្វើពាណិជ្ជកម្មធនធាននានានៅទីអវកាស ព្រោះថាការប្រើប្រាស់ធនធានដែលយើងយល់ដឹងពីឋានព្រះច័ន្ទ នឹងអនុញ្ញាតឲ្យយើងចាប់យកជំហានដ៏ធំបន្ទាប់ ក្នុងការបញ្ជូនអវកាសយានិកទៅភពព្រះអង្គារ។ ប្រធានអង្គការ NASA រូបនេះបានបន្ថែមទៀតថា កិច្ចខិតខំប្រឹងប្រែងនេះ នឹងអនុវត្តតាមសន្ធិសញ្ញាអវកាសឆ្នាំ១៩៦៧ ដែលបានបញ្ជាក់ថា «គ្មានប្រទេសណាមួយអាចទាមទារអធិបតេយ្យភាពនៅលើឋានព្រះច័ន្ទ ឬវត្ថុធាតុក្រៅភពផ្សេងទៀតឡើយ ដែលដូចគ្នាទៅនឹងការកាន់កាប់នៅទ្វីបអង់តាក់ទិកដែរ»។
ការប្រមូលនេះ គឺជាផ្នែកមួយនៃកម្មវិធីរុករកឋានព្រះច័ន្ទរបស់អង្គការ NASA ដែលបានបង្កើតឡើងកាលពីឆ្នាំមុនមកម្ល៉េះ រួមបញ្ចូលទាំងការបញ្ជូនអវកាសយានិកស្ត្រីដំបូងគេបង្អស់ និងបន្ទាប់មកបុរសទៅឋានព្រះច័ន្ទម្តងទៀត នាឆ្នាំ២០២៤ខាងមុខ។ កាលពីខែឧសភា ឆ្នាំ២០២០ អង្គការ NASA បានបង្ហាញពីលក្ខខណ្ឌស្របតាមច្បាប់ សម្រាប់គ្រប់គ្រងឥរិយាបថរបស់បណ្តាប្រទេស និងក្រុមហ៊ុននានានៅក្នុងទីលំហអវកាស និងនៅលើឋានព្រះចន្ទផងដែរ។ លក្ខខណ្ឌច្បាប់ទាំងនេះត្រូវបានគេស្គាល់ថា «កិច្ចព្រមព្រៀងលើគម្រោង Artemis» រួមបញ្ចូលទាំងការបង្កើតតំបន់សុវត្តិភាព នៅជុំវិញតំបន់ដែលត្រូវខួងយករ៉ែ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ នៅលើផ្ទៃឋានព្រះច័ន្ទផងដែរ។
គួរបញ្ជាក់ថា អង្គការ NASA បានចុះកិច្ចសន្យាជាមួយបណ្តាក្រុមហ៊ុននានា ទៅធ្វើការហោះហើរពិសោធន៍វិទ្យាសាស្ត្រ និងដឹកជញ្ជូនសម្ភារទៅឋានព្រះច័ន្ទ មុនពេលបញ្ជូនមនុស្សទៅតាមក្រោយ ដោយមានក្រុមហ៊ុនឯកជនទាំងនោះរួមមាន Astrobotic, SpaceX, Blue Origin, Sierra Nevada Corp. និង Lockheed Martin ស្ថិតក្នុងផែនការចូលរួម។
ជុំវិញបញ្ហាខាងលើនេះលោក ខេស៊ី ដ្រាយើ ( Casey Dreier) ប្រធានក្រុមតស៊ូមតិ និងជាទីប្រឹក្សាជាន់ខ្ពស់លើគោលនយោបាយអវកាសនៃអង្គការសង្គមភព (Planetary Society) បានសរសេរសារបង្ហោះនៅលើបណ្តាញ Twitter ថាសេចក្តីប្រកាសរបស់អង្គការ NASA ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងបង្កើតច្បាប់ដែលអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនអាចប្រមូល និងលក់ធនធាននៅទីអវកាសបាន៕