(ញូដេលី)៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍នេះបានបង្ហាញថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗជាង ៩៧,០០០ករណីបន្ថែម ដែលជាបំបែកកំណត់ត្រាថ្មីៗក្នុងរយៈពេល ០២ថ្ងៃជាប់ៗគ្នាហើយ ស្របពេលប្រទេសមានប្រជាជនច្រើនបំផុតលំដាប់លេខ ២ លើលោកមួយនេះ កំពុងសិក្សាអំពីការបើកសាលារៀនឡើងវិញ និងសម្រួលចរន្តសេដ្ឋកិច្ចឲ្យបានធូរស្រាល។ នេះបើតាមការចេញផ្សាយដោយសារពត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌាបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៩៧,៥៧០ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនដល់ជាង ៤.៦៥លានករណី ខណៈអ្នកស្លាប់មានចំនួនជាង ៧ម៉ឺននាក់ និងអ្នកជាសះស្បើយមានចំនួនជាង ៣.៦២លាននាក់។ ប្រទេសឥណ្ឌាត្រូវបានគេកត់សម្គាល់ឃើញថា ជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរលំដាប់ទី ២ លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះរដ្ឋមហារ៉ាស្ត្រា (Maharashtra) ភាគខាងលិចនៃប្រទេសឥណ្ឌា ដែលមានប្រជាជនរស់នៅជាង ១១២លាននាក់ (ជាប់លេខ ៣) គឺជារដ្ឋដែលទទួលរងផលប៉ះពាល់ខ្លាំងជាងគេដោយសារ COVID-19 នៅឥណ្ឌា ដោយមានករណីឆ្លងសរុបជាង ១លានករណី ដែលត្រូវបានកត់ត្រាគិតត្រឹមយប់ថ្ងៃសុក្រម្សិលមិញនេះ។

គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលឥណ្ឌា និងអ្នកជំនាញបានឲ្យដឹងថា ការកើនឡើងនូវករណីឆ្លងនៅក្នុងរដ្ឋ Maharashtra និងតំបន់ផ្សេងទៀតនៃប្រទេសឥណ្ឌា ទំនងជាបណ្តាលមកពីសកម្មភាពសេដ្ឋកិច្ច កំពុងចាប់ផ្តើមដំណើរការឡើងវិញ ក៏ដូចជាមានការប្រារព្ធពិធីបុណ្យផ្សេងៗនៅក្នុងតំបន់ និងការនឿយហត់ពីការជាប់គាំង អស់រយៈពេលជាយូរខែមកនេះផងដែរ៕