(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅការ៉ាកាស់) បានប្រកាសថា អាជ្ញាធរបានចាប់ខ្លួនចារកម្មអាមេរិកម្នាក់ ដែលប៉ុនប៉ងវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់វេណេស៊ុយអេឡា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាល្ងាចថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍របស់អាជ្ញាធរវេណេស៊ុយអេឡាបានឲ្យដឹងថា ចារកម្មខាងលើគឺជាអតីតកងម៉ារីនអាមេរិក ដែលបម្រើការឲ្យ CIA នៅអ៉ីរ៉ាក់ត្រូវបានអាជ្ញាធរចាប់ខ្លួននៅរដ្ឋ ហ្វាល់ខុន (Falcón) នៅលើឆ្នេរពាយ័ព្យក្បែរព្រំដែនប្រទេសកូឡុំប៊ី ព្រមជាមួយអាវុធធុនធ្ងន់ និងប្រាក់មួយចំនួនធំផងដែរ បន្ទាប់ពីមានផែនការធ្វើការវាយប្រហារ ទៅលើរោងចក្រចម្រាញ់ប្រេង អាម៉ាយ (Amuay) និង ខាដុន (Cardón)។
ប្រទេសវ៉េណេស៊ុយអេឡាបានបង្ខំចិត្ត បិទរោងចក្រចម្រាញ់ប្រេងទាំងពីរខាងលើ ក្រោយសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម។ ប៉ុន្តែរោងចក្រចម្រាញ់ប្រេង Cardón បានចាប់ផ្តើមដំណើរការឡើងវិញ កាលពីខែមេសា ដែលមានសមត្ថភាពផលិតប្រេងប្រមាណជា ៣១០,០០០បារ៉ែលក្នុងមួយថ្ងៃ បន្ទាប់ពីប្រទេសអ៉ីរ៉ង់បានផ្តល់សម្ភារៈចាំបាច់មួយចំនួន។ លើសពីនេះនាវាដឹកប្រេង ០៥គ្រឿងរបស់អ៉ីរ៉ង់ បានទៅដល់ប្រទេសវេណេស៊ុយអេឡា ដើម្បីជួយផ្គត់ផ្គង់កង្វះខាតតម្រូវការប្រេង ក្រោយការបិទទ្វាររោងចក្រចម្រាញ់ប្រេង ដែលបានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនមានការខឹងសម្បារយ៉ាងខ្លាំង។
ប្រេងមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលពឹងផ្អែកទាំងស្រុងលើការនាំចេញប្រេង។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡាដោយអះអាងថា ការបោះឆ្នោតដែលប្រព្រឹត្តទៅកាលពីឆ្នាំ២០១៨កន្លងទៅ មិនមានភាពស្របច្បាប់ និងបានព្រមានដាក់ទណ្ឌកម្មចំពោះប្រទេស ឬអង្គភាពណាដែលទិញប្រេងរបស់វេណេស៊ុយអេឡាផងដែរ។
ការចាប់ខ្លួនខាងលើកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន ស៊ីលវើខប (Silvercorp) បានប៉ុនប៉ងចាប់ខ្លួនលោក ម៉ាឌូរ៉ូ ជាថ្នូរនឹងប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។ ទាហានស៊ីឈ្នួល ០៨នាក់ត្រូវបានសម្លាប់ ហើយអ្នកដែលនៅសេសសល់ ត្រូវបានចាប់ខ្លួនដោយអ្នកនេសាទវេណេស៊ុយអេឡា ដែលជាផ្នែកមួយនៃកងជីវពលក្នុងតំបន់។ នៅជុំវិញបញ្ហានេះទីក្រុងវ៉ាស៊ីនតោនបានបដិសេធ និងច្រានចោលចំពោះការចោទប្រកាន់នេះទាំងស្រុង។
គួរបញ្ជាក់ថា កាលពីខែមុនទាហានស៊ីឈ្នួលពីរនាក់របស់ក្រុមហ៊ុន Silvercorp គឺលោក លូក ឌែនមែន (Luke Denman) និង លោក អ៊ែរែន ប៊ឺរី (Airan Berry) ដែលពួកគេទាំងពីរគឺជាទាហានជើងចាស់អាមេរិក ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២០ឆ្នាំបន្ទាប់ពីបានសារភាពពីឧក្រិដ្ឋកម្មនៃការសមគំនិតក្បត់, ចូលដៃ, ការជួញដូរអាវុធខុសច្បាប់ និងភេរវកម្មនៅវេណេស៊ុយអេឡា៕