(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមរបស់កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះបានរាយការណ៍ថា មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) លោក គីម ជុងអ៊ុន (Kim Jong Un) បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ឡើងវិញ នៃតំបន់ដែលរងគ្រោះដោយទឹកជំនន់នៅភាគខាងជើង ខេត្តវ៉ាងហេង (Hwanghae)។

២៖ ក្រុមអ្នកពន្លត់អគ្គីភ័យសរុបជាង ២០,០០០នាក់កំពុងតែចូលរួមយ៉ាងសកម្ម នៅក្នុងការពន្លត់ភ្លើងព្រៃនៅក្នុងបណ្តារដ្ឋមួយចំនួន ស្ថិតនៅជាប់ឆ្នេរសមុទ្រភាគខាងកើត សហរដ្ឋអាមេរិក ខណៈមនុស្សស្លាប់ត្រូវបានគេរាយការណ៍ថា បានកើនឡើងរហូតដល់ ១៦នាក់។

៣៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសថា ខ្លួនកំពុងស្វែងរកក្រុមហ៊ុនឯកជន ដែលអាចធ្វើដំណើរទៅឋានព្រះច័ន្ទ ដើម្បីប្រមូលយករ៉ែមួយចំនួន តាមរយៈកម្ទេចធូលី និងថ្មនៅផ្ទៃស្រទាប់លើរបស់ឋានព្រះច័ន្ទ ហើយនាំវាយកមកផែនដីវិញ។

៤៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) បានប្រកាសថា អាជ្ញាធរបានចាប់ខ្លួនចារកម្មអាមេរិកម្នាក់ ដែលប៉ុនប៉ងវាយប្រហារទៅលើ រោងចក្រចម្រាញ់ប្រេងរបស់វេណេស៊ុយអេឡា។

៥៖ ទិន្នន័យចុងក្រោយដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍នេះបានបង្ហាញថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗជាង ៩៧,០០០ករណីបន្ថែម ដែលជាបំបែកកំណត់ត្រាថ្មីៗក្នុងរយៈពេល ០២ថ្ងៃជាប់ៗគ្នាហើយ ស្របពេលប្រទេសមានប្រជាជនច្រើនបំផុតលំដាប់លេខ ២ លើលោកមួយនេះ កំពុងសិក្សាអំពីការបើកសាលារៀនឡើងវិញ និងសម្រួលចរន្តសេដ្ឋកិច្ចឲ្យបានធូរស្រាល។

៦៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក មៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មជន ប្រជាធិបតេយ្យហុងកុង ១២នាក់ ដែលត្រូវបានចាប់ខ្លួននៅក្នុងខេត្តក្វាងទុង (Guangdong) ប្រទេសចិន ដោយពួកគេបានបដិសេធក្នុងការទទួលយកមេធាវី ខណៈអាជ្ញាធរចិនក៏មិនបានផ្តល់ព័ត៌មាន ស្តីពីសុខទុក្ខរបស់ពួកគេដែរ៕