(ហាណូយ)៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិវៀតណាម នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព្យុះត្រូពិកដែលគេស្គាល់ថា ជាព្យុះទីហ្វុងនូល(Typhoon Noul ) បានវាយប្រហារខេត្តភាគកណ្តាលមួយចំនួន របស់ប្រទេសវៀតណាម ដែលបានបណ្តាលឲ្យមនុស្សចំនួន ០៣នាក់ស្លាប់ និង១១២នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០។

គណៈកម្មាធិការបានគូសបញ្ជាក់ថា ក្រៅពីមនុស្សស្លាប់ និងរងរបួស មានផ្ទះចំនួន ១០ខ្នងបានដួលរលំ ប្រជាជនប្រមាណជិត ២២,៦០០នាក់បានទទួលរងផលប៉ះពាល់ ខណៈដំណាំស្រូវចំនួន ១,៧១៥ហិចតា និងផលដំណាំផ្សេងទៀតចំនួន ១,៥៦១ហិចតារងការខូចខាត។ មិនតែប៉ុណ្ណោះស្ពានចំនួន៤ និងបង្គោលអគ្គីសនីចំនួន ២១៧បង្គោល ក៏ត្រូវរងការខូតខាតផងដែរ។

យោងតាមគណៈកម្មាធិការដដែលនេះ បានឲ្យដឹងទៀតថា ចាប់តាំងពីថ្ងៃទី១ ខែមករា ដល់ខែសីហា ឆ្នាំ២០២០នេះ នៅក្នុងប្រទេសវៀតណាម គ្រោះមហន្តរាយធម្មជាតិ ជាពិសេសទឹកជំនន់ រអិលបាក់ដី និងព្យុះផ្គររន្ទះ បានសម្លាប់ជីវិតមនុស្សចំនួន ៧៨នាក់ រងរបួសចំនួន១៥៦នាក់ និងខាតបង់សេដ្ឋកិច្ចចំនួនប្រមាណ ១៧៥.២លានដុល្លាអាមេរិក៕