(ហ្សេរុយសាឡឹម)៖ ប្រទេសអ៉ីស្រាអែលបានរាយការណ៍ពីការឃើញ ករណីឆ្លង COVID-19 ថ្មីៗរហូតដល់ទៅ ៤,៣០០នាក់ទៀតនៅក្នុងរយៈពេល ២៤ម៉ោងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ជាង ១៨៧,៩០០នាក់ ខណៈអ្នកជំងឺ ៣០នាក់បន្ថែមទៀត បានបាត់បង់ជីវិតនៅក្នុងកំលុងពេលដូចគ្នា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ១,២៥៦នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។
បើគិតពីចំនួនប្រជាជនតែជាង ៨.៥លាននាក់ និងទំហំផ្ទៃដីតូចទៀតនោះ អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅអ៉ីស្រាអែលពិតជាខ្ពស់ជាងប្រទេសនានាក្នុងតំបន់។ ទោះជាយ៉ាងណា អត្រាស្លាប់ដោយសារជំងឺរាតត្បាតសកល នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះនៅមានកម្រិតទាបនៅឡើយ ហើយក្នុងចំណោមករណីឆ្លងទាំងជាង ១៨៧,៩០០ករណីនោះ អ្នកជំងឺដែលបានជាសះស្បើយឡើងវិញមានចំនួនជាង ១៣៤,០០០នាក់។
គួរបញ្ជាក់ថា អ៉ីស្រាអែលក៏ស្ថិតនៅក្នុងចំណោមប្រទេស ដែលកំពុងតែសកម្មនៅក្នុងការអភិវឌ្ឍវ៉ាក់សាំងផងដែរ ដោយវាបានឆ្លងកាត់ការធ្វើតេស្តជាបន្តបន្ទាប់។ អ៉ីស្រាអែលប្តេជ្ញាធរថា ខ្លួននឹងមានវ៉ាក់សាំង COVID-19 ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់គ្នា យ៉ាងហោចណាស់នៅមុនពាក់កណ្តាលឆ្នាំ២០២១៕