(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានរិះគន់យ៉ាងខ្លាំងលើបណ្ដាប្រទេសអឺរ៉ុប ដែលមិនបានចូលរួមជាមួយសហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ (UN) ឡើងវិញប្រឆាំងនឹងអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Spuntik នៅព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។
កាលពីចុងសប្ដាហ៍មុននេះលោក ប៉ុមប៉េអូ បានបញ្ជាក់ថា ទណ្ឌកម្ម UN ប្រឆាំងអ៉ីរ៉ង់ នឹងត្រូវដាក់ឱ្យអនុវត្តឡើងជាថ្មី ហើយមិនតែប៉ុណ្ណោះលោកក៏បានរិះគន់បណ្ដាប្រទេសអឺរ៉ុបមួយចំនួន ដែលនៅតែបន្តស្ថិតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ ដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញកាលពីឆ្នាំ ២០១៨ផងដែរ។ ប៉ុន្តែទន្ទឹមគ្នា ប្រមុខគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុប លោក ចូសិព បូរែល (Josep Borrell) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនមិនអាចនឹងដាក់ទណ្ឌកម្មអន្តរជាតិ ជាលក្ខណៈឯកតោភាគីលើទីក្រុងតេហេរ៉ង់បាននោះទេ។
គួរជម្រាបថា ទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិលើអ៉ីរ៉ង់ នឹងត្រូវអស់សុពលភាពនៅថ្ងៃទី១៨ ខែតុលាខាងមុខនេះ បន្ទាប់ពីសហរដ្ឋអាមេរិកបានបរាជ័យ ក្នុងការបន្តសុពលភាពនៃទណ្ឌកម្មនេះ នៅក្នុងការបោះឆ្នោតមួយកាលពីប៉ុន្មានសប្ដាហ៍មុន នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕