(បរទេស)៖ ការសិក្សាថ្មីមួយទៀតបានរកឃើញថា ប្រសិនបើមនុស្សនៅលើផែនដី មិនព្រមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (ការបំពុលបរិយាកាសផែនដីគ្រប់សកម្មភាព) ហើយនៅតែបន្តបំផ្លិចបំផ្លាញបរិយាកាសផែនដី កាន់តែធ្ងន់ធ្ងរឡើងៗដូចបច្ចុប្បន្ននេះ ទឹកកកនៅតំបន់ប៉ូលទាំងពីរ នឹងបន្តរលាយកាន់តែខ្លាំង ហើយនីវ៉ូទឹកសមុទ្រនឹងកើនឡើងរហូតដល់ទៅ ៣៨សង់ទីម៉ែត្រ នៅឆ្នាំ២១០០។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Space.com នាព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០។
ការសិក្សានេះក៏មិនមែនជារឿងថ្មីនោះដែរ ព្រោះប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ការសិក្សាអំពីការកើនឡើងកម្តៅផែនដី មានសភាពកាន់តែផុសផុលឡើង រហូតដល់ពិភពលោក ឈានទៅសម្រេចបាន «កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីទប់ទល់បម្រែបម្រួលបរិយាកាសផែនដីឆ្នាំ២០១៥» ដើម្បីស្តារស្ថានការណ៍ឡើងវិញ។ ប៉ុន្តែជាអកុសលនៅឆ្នាំ២០១៨ តួអង្គសំខាន់បំផុតក្នុងរឿងនេះ និងជាអ្នកដែលបំផ្លាញបរិយាកាសផែនដី ធំបំផុតលើលោកផងដែរគឺសហរដ្ឋអាមេរិក បែរជាបានប្រកាសដកខ្លួនចេញ ពីកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះទៅវិញ ដែលបានធ្វើឲ្យពិភពលោកទាំងមូល កាន់តែព្រួយបារម្ភទ្វេឡើង អំពីអនាគតរបស់ភពផែនដី និងមនុស្សជំនាន់ក្រោយ។
ជាការពិតមិនអាចប្រកែកបាន ឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញដោយ សកម្មភាពមនុស្សជារៀងរាល់វិនាទី ដូចជាកាបូនឌីអុកស៊ីតជាដើម សុទ្ធតែកំពុងចូលរួមចំណែក ជម្រុញបរិយាកាសផែនដីឲ្យកើនឡើងកម្តៅ។ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដែលធ្វើការសិក្សាទៅលើតំបន់ប៉ូលខាងជើង, ផ្ទាំងទឹកកកជុំវិញកោះហ្គ្រីនលែនដ៍ (Greenland) និងបណ្តុំទឹកកកនៅទ្វីបអង់តាក់ទិច (ប៉ូលខាងត្បូង) សុទ្ធសឹងតែបានមើលឃើញតំបន់ទាំងនោះ ទទួលរងបាតុភូតរលាយទឹកកកយ៉ាងគំហុក ដែលជាការរួមចំណែកធ្វើឲ្យ នីវ៉ូទឹកសមុទ្រកើនឡើង។
ជុំវិញបញ្ហាខាងលើ អ្នកវិទ្យាសាស្ត្រដែលដឹកនាំការស្រាវជ្រាវនេះ គឺលោកស្រី សូហ្វី ណូវីកគី (Sophie Nowicki) នៃវិទ្យាស្ថានហ្គដដាដ (Goddard Space Flight) ស្ថិតក្នុងរដ្ឋម៉ារីលែនដ៍ (Maryland) សហរដ្ឋអាមេរិកបានលើកឡើងថា «ភាពមិនប្រាកដប្រជាដ៏ធំបំផុតមួយ នៅពេលនិយាយអំពីកម្រិតទឹកសមុទ្រ ដែលនឹងកើនឡើងនាពេលអនាគតនោះគឺ តើការរលាយផ្ទាំងទឹកកក នឹងធ្វើឲ្យនីវ៉ូទឹកសមុទ្រកើនឡើងដូចម្តេចទៀត? ចំនួនផ្ទាំងទឹកកកដែលនឹងរលាយ គឺពិតជាអាស្រ័យលើអាកាសធាតុប្រែប្រួលក្នុងកម្រិតណា…»។
ដូចដែលយើងបានដឹងលឺព័ត៌មាន ដែលត្រូវបានចុះផ្សាយជាច្រើនរួចមកហើយ អំពីវិបត្តិ ដែលនឹងបង្កឡើង ដោយនីវ៉ូទឹកសមុទ្រកើនឡើងខ្ពស់ នោះគឺទីក្រុងជាប់ឆ្នេរសមុទ្រមួយចំនួន ជាពិសេសនៅទ្វីបអាស៊ី និងអឺរ៉ុប នឹងត្រូវទឹកសមុទ្រជន់លិចជាអចិន្ត្រៃយ៍តែម្តង ខណៈខ្លះទៀតនឹងត្រូវលិច នៅពេលមានភ្លៀងធ្លាក់ខ្លាំង ព្យុះ ឬនៅពេលទឹកជោរ។ មិនត្រឹមតែនីវ៉ូទឹកសមុទ្រនឹងកើនឡើងថែមទៀតនោះឡើយ ការប្រែប្រួលបរិយាកាសផែនដី នឹងធ្វើឲ្យគ្រោះរាំងស្ងួតកាន់តែអាក្រក់, ភ្លៀងធ្លាក់មិនទៀងទាត់ ឬក្សត់ទឹកភ្លៀង, ព្យុះកាន់តែសាហាវៗកើតមានលើផែនដី និងរលកកម្តៅកើនឡើងកាន់តែខ្លាំង ដែលនឹងធ្វើឲ្យជីវិតមនុស្សលើផែនដី រស់នៅតែកាន់់តែលំបាកវេទនា៕